កាណាដា៖ មួយថ្ងៃបន្ទាប់ពីភ្លៀងត្រជាក់ដល់កក និងខ្យល់បក់ខ្លាំងបានបោកបក់មកលើតំបន់ភាគអាគ្នេយ៍ប្រទេសកាណាដា មនុស្សជាង ១.២លាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅទីក្រុងអង់តារីយ៉ូ (Ontario) និងកេបិច (Quebec)។ ទីក្រុង២ នេះគឺជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតរបស់កាណាដា។

យោងតាមអ្នកផ្គត់ផ្គង់អគ្គិសនីរបស់ទីក្រុងបានឲ្យដឹងថា នៅក្នុងទីក្រុងកេបិច (Quebec) តែមួយ កម្មករប្រមាណ ១ពាន់នាក់កំពុងព្យាយាមជួសជុលឡើងអគ្គិសនីពេញមួយយប់។ ក្រុមហ៊ុនវ៉ារីអគ្គិសនីទីក្រុងកេបិចបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងមានទំនុកចិត្តថា យើងអាចស្តារថាមពលឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់មួយចំនួននៅថ្ងៃនេះ។ ដោយគ្រោះអាក្រក់ វាត្រូវបានរំពឹងទុករួចហើយថា អតិថិជនមួយចំនួននឹងនៅតែគ្មានថាមពលប្រើប្រាស់នៅឡើយនៅថ្ងៃសុក្រនេះ និងចុងសប្តាហ៍នេះ។ ប្រជាជនប្រហែល ១.១លាននាក់ពុំមានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងកេបិច (Quebec) និងប្រហែល ១៦៧,០០០នាក់នៅទីក្រុង Ontario។ ទីក្រុង Ontario និង Quebec មានចំនួនច្រើនជាងពាក់កណ្តាល នៃចំនួនប្រជាជនសរុបរបស់ប្រទេសកាណាដាប្រហែល ៣៩.៦លាននាក់។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ដែលបានធ្វើដំណើរទៅកាន់ទីក្រុងម៉ុងរ៉េអាល់ (Montreal) កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីថវិការបស់រដ្ឋាភិបាល លោកបានផ្តល់ជំនួយសហព័ន្ធប្រសិនបើចាំបាច់។ យោងតាមក្រុមហ៊ុន Hydro-Quebec បាននិយាយថា ទីក្រុងម៉ុងរ៉េអាល់ស្ថិតក្នុងចំណោមទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយការដាច់ចរន្តអគ្គិសនីបន្ទាប់ពីព្យុះទឹកកកកាលពីថ្ងៃពុធ។ លោក Trudeau បាននិយាយនៅលើបណ្តាញសង្គម Twitter ថា យើងកំពុងគិតដល់មនុស្សគ្រប់គ្នានៅក្នុងទីក្រុង Quebec និងទីក្រុង Ontario ភាគខាងកើតដែលរងផលប៉ះពាល់ដោយព្យុះកាលពីម្សិលមិញ ហើយយើងសូមអរគុណដល់ក្រុមកម្មករដែលកំពុងសម្អាតតាមដងផ្លូវ និងស្តារថាមពលឡើងវិញ៕
អត្ថបទ៖ ប៊ុនថន