ឥណ្ឌា៖ ស្របពេលដែលមន្ទីរពេទ្យ ពិបាកក្នុងការទទួលបានការផ្គត់ផ្គង់អុកស៊ីសែន និងអ្នកជំងឺ COVID-19 ស្លាប់កាន់តែច្រើនដោយសារតែការខ្វះខាតអុកស៊ីសែននោះ តុលាការនៅក្នុងរដ្ឋញូវដែល្លីបាននិយាយថា ពួកគេនឹងចាប់ផ្ដើមដាក់ទោសក្រុមមន្ត្រីរដ្ឋាភិបាលសហព័ន្ធរូបណា ដែលមិនបានចែកចាយគ្រឿងវេជ្ជសាស្ត្រសង្គ្រោះអាយុជីវិតមនុស្ស។

កាលពីថ្ងៃអាទិត្យ ឥណ្ឌារាយការណ៍ករណីឆ្លងតិចតួច ៣៩២.៤៨៨នាក់ ដែលកាលពីរយៈពេល ២៤ម៉ោងមុនមានចំនួន ៤០១.៩៩៣នាក់។ ប្រទេសមួយនេះបានរាយការណ៍ករណីស្លាប់ ៣.៦៨៩នាក់ ធ្វើឲ្យករណីស្លាប់សរុបកើនឡើងដល់ ២១៥.៥៤២នាក់។ ក្រុមអ្នកជំនាញជឿជាក់ថា តួលេខទាំង២ នេះរាប់មិនទាន់គ្រប់នោះទេ ពោលគឺចំនួនឆ្លង និងចំនួនស្លាប់អាចនឹងច្រើនជាងនេះ។ លោក ហ្គូបតា ប្រធានមន្ទីរពេទ្យបាត្រាបាននិយាយថា អ្នកជំងឺ COVID-19 ចំនួន ១២នាក់ដែលរួមទាំងវេជ្ជបណ្ឌិតម្នាក់បានស្លាប់ នៅក្នុងមន្ទីរពេទ្យក្រុងញូវដែល្លី ក្រោយអស់ការផ្គត់ផ្គង់អុកស៊ីសែនរយៈពេល ៨០នាទី។
ដោយសារតែរដ្ឋាភិបាល មិនអាចរក្សាការផ្គត់ផ្គង់អុកស៊ីសែនឲ្យបានទៀងទាត់ ក្រុមអាជ្ញាធរមន្ទីរពេទ្យជាច្រើន បានស្វែងរកការធ្វើអន្តរាគមន៍ពីតុលាការ នៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា ជាកន្លែងដែលការបិទទីក្រុងបានបន្តរយៈពេល ១សប្ដាហ៍ទៀតដើម្បីទប់ស្កាត់រលកករណីឆ្លង៕
អត្ថបទ៖ សារ៉ាត់