រាជធានីភ្នំពេញ ៖ ជនជាតិចិន ២នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីសង្ស័យចាប់ជំរិតជនជាតិចិនដូចគ្នា នៅក្នុងបុរីឈូកវ៉ា២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបបានហើយ ។ ដែលហេតុការណ៍នេះ បានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាយប់ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៣ ។
ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់មានឈ្មោះ Ma Jian Donco ភេទប្រុស អាយុ៣៨ឆ្នាំ ។ និងម្នាក់ទៀតមានឈ្មោះ Wanco YonFu ភេទប្រុស អាយុ៤២ឆ្នាំ ។ អ្នកទាំង២ មានទីលំនៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ ព្រោះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្កេតឃើញក្រុមជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ខាងលើ បានធ្វើសកម្មភាពប្រើស្គុត និងខ្សែចំណង ចងដៃជើងទៅលើបុរសជាជនជាតិចិនម្នាក់ទៀត ដោយមិនទាន់ដឹងថាជាការប្រើប្រាស់ហិង្សានេះ ធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះឡើយ។
ក្រោយថាប្រទះឃើញរឿងហេតុបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំកិច្ចអន្តរាគមន៍បន្ទាន់ភ្លាមៗផងដែរ។ ក្រោយការទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ នឹងបានធ្វើការជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងករណីខាងលើនោះ។
ខណៈសមត្ថកិច្ចទៅដល់ក្រុមជនសង្ស័យទាំងពីរនាក់បានព្យាយាម បើករថយន្តចេញពីកន្លែងកើតហេតុ រត់គេចពីកម្លាំងសមត្ថកិច្ច ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ចនៅតាមព្យាយាមស្រាវជ្រាវរហូតតាមចាប់ឃាត់បាន នៅយប់ថ្ងៃខែដដែលផងដែរ ។
សូមបញ្ជាក់ផងដែរថា ជនរងគ្រោះដែលជាជនជាតិចិនត្រូវក្រុមជនសង្ស័យប្រើស្គុតរុំទៅពេញនឹងផ្ទៃមុខទាំងស្រុងតែម្ដង និងបានប្រើខ្សែចំណងចងដៃភ្ជាប់ទៅនឹងជើង។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលក្រុមជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ៕ លីហេង
