ពោធិ៍សាត់៖ តាមរយៈយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ចាប់ផ្ដើមពីខេត្តពោធិ៍សាត់ថ្ងៃទី ៦-៧ ខែមេសា ឆ្នាំ២០២៣នេះ មានភោជនីយដ្ឋានចំនួន ៩ បានប្រកាស ប្ដេជ្ញាមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃឡើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ។
ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងថា៖«ចំនួនភោជនីយដ្ឋានដែលបានចូលរួមក្នុងការប្ដេជ្ញាចិត្ត មិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ នៅទីរួមខេត្តពោធិ៍សាត់នេះ គឺមានចំនួន ៩ ភោជណីយដ្ឋាន»។
តាមរយៈយុទ្ធនាការអន្ទាក់សូន្យនេះ ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែលមានសារៈសំខាន់ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញាចិត្តនិងការចូលរួមរបស់យើងទាំងអស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន តទៅនាពេលអនាគត៕