ភ្នំពេញ ៖ ប្រតិកម្មអន្តរជាតិចំពោះការចូលខ្លួននៅតុលាការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវមានការបែងចែកនៅក្នុងការចុះផ្សាយរបស់កាសែតមួយចំនួន ដោយពួកគេផ្តោតសំខាន់លើដំណើររឿងចុងក្រោយរបស់លោក ហើយសារព័ត៌មានខ្លះទៀត ប្រើចំណងជើងលេងពាក្យធ្ងន់ធ្ងរ ដើម្បីបង្ហាញអ្នកអានរបស់ពួកគេពីកន្លែងដែលពួកគេត្រូវតាមដាន ។
លោក Trumpប្រឈមនឹងការចោទប្រកាន់ព្រហ្មទណ្ឌ ៣៤ករណីពីបទក្លែងឯកសារធុរកិច្ច នៅក្នុងការចោទប្រកាន់មួយដែលត្រូវបានបើកសវនាការនៅរដ្ឋ New York កាលពីថ្ងៃអង្គារ។
អ្នកសាធារណរដ្ឋរូបនេះ ដែលនឹងឡើងដណ្តើមដំណែងប្រធានាធិបតីម្តងទៀតនៅឆ្នាំ ២០២៤ បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ថាលោកបានលួចចំណាយប្រាក់ដោយសម្ងាត់ដល់តារាសម្តែងរឿងអាសអាភាស Stormy Daniels មុនការបោះឆ្នោតឆ្នាំ ២០១៦ ដែលលោក Trumpបានឈ្នះ ។
នៅលើទំព័រមុខរបស់កាសែតអង់គ្លេសភាគច្រើន មានរូបថតលោក Trump ពេលដែលលោកឡើងតុលាការ ។ សារព័ត៌មានខ្លះលេងចំណងជើងបែបចាក់ដោត ដូចជា “លោកត្រាំ ជាប់បញ្ហាដោយនាង Stormy (Trump in the eye of the Stormy)”នៅលើទំព័រមុខសារព័ត៌មាន The Mirror និង “លោកត្រាំ កំពុងត្រូវកាត់ទោសពីបទព្រហ្មទណ្ឌ(Trump in the dock)” នៅលើទំព័រមុខសារព័ត៌មាន The Times ។
កាសែតអាល្លឺម៉ង់ ក៏បានលេងចំណងជើងធ្ងន់ៗដូចគ្នា ក្នុងនោះសារព័ត៌មាន Tagesspiegel បានប្រើចំណងជើង “តើគ្មានអ្វីក្រៅពីការពិតឬ?( Nothing but the truth?”)” ។
ដោយឡែក មេដឹកនាំពិភពលោកមួយចំនួនក៏បានផ្តល់សេចក្តីអធិប្បាយផងដែរនៅលើបណ្តាញព័ត៌មានសង្គម ។ ប្រធានាធិបតីអែល សាល់វ៉ាឌ័រ លោក Nayib Bukele បានសួរថាតើពិភពលោកនឹងមានប្រតិកម្មបែបណា បើសិនជាបេក្ខជនប្រធានាធិបតីប្រឆាំងអែល សាល់វ៉ាឌ័រម្នាក់ ត្រូវបានគេចោទប្រកាន់ស្រដៀងគ្នាពីទោសកំហុសហិរញ្ញវត្ថុ ។
នៅលើបណ្តាញព័ត៌មានសង្គម Twitter លោក Bukele បាននិយាយថា គិតដល់អ្វីដែលអ្នកចង់បានពីអតីតប្រធានាធិបតី Trump និងហេតុផលដែលគាត់ត្រូវបានគេចោទប្រកាន់ ។
ចំណែកឯមេដឹកនាំនិយមស្តាំហុងគ្រី លោក Viktor Orban បានសរសេរនៅលើបណ្តាញសង្គម Twitterមុនពេលលោក Trumpឡើងតុលាការថា “បន្តតវ៉ាលោកប្រធានាធិបតី! ពួកយើងនឹងនៅជាមួយអ្នក”៕


