ចិន ៖ រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់កោះហ្វូជី បានចេញផ្សាយវីដេអូបន្ថែមទៀតអំពីនាវាឆ្មាំល្បាតឆ្នេរចិន ដែលកំពុងល្បាតនៅច្រកសមុទ្រកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍។ នៅថ្ងៃសុក្រនេះគឺជាថ្ងៃទីពីរនៃប្រតិបត្តិការល្បាតនិងត្រួតពិនិត្យពិសេសរយៈពេលបីថ្ងៃ ដែលត្រូវបានគេចាត់ទុកថាជាការសងសឹកចំពោះជំនួបរបស់មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិក លោក Kevin McCarthy កាលពីថ្ងៃពុធ ទី៥ ខែមេសា។
វីដេអូបានបង្ហាញពីកងនាវាអនុវត្តច្បាប់ដែនសមុទ្រ ដែលដឹកនាំដោយនាវាល្បាត និងជួយសង្គ្រោះ Haixun 06 ដែលកំពុងល្បាតអំឡុងពេលប្រតិបត្តិការរួមគ្នា នៅក្នុងដែនទឹកភាគកណ្តាលនៃច្រកសមុទ្រកោះតៃវ៉ាន់។ អាជ្ញាធរនៅក្នុងខេត្តភាគអាគ្នេយ៍ប្រទេសចិនបាននិយាយថា ប្រតិបត្តិការនេះរួមមាន ការត្រួតពិនិត្យនៅនឹងកន្លែង នៅលើនាវាដឹកទំនិញ និងនាវាផ្សេងទៀតនៅភាគខាងជើង និងភាគកណ្តាលនៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីធានាបានសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងធានាបាននូវប្រតិបត្តិការដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់នៃផែនការសំខាន់ៗនៅលើដែនទឹក។ កងនាវានឹងបន្តល្បាតនៅដែនទឹកភាគខាងជើងច្រកសមុទ្រតៃវ៉ាន់។
ចិនអះអាងថា កោះតៃវ៉ាន់ជាកម្មសិទ្ធិរបស់ខ្លួន និងបាននិយាយថា ច្រកសមុទ្រតៃវ៉ាន់ជាដែនដីអធិបតេយ្យភាពរបស់ខ្លួន។ ខណៈដែលចិនមិនទទួលស្គាល់ជាផ្លូវការនូវខ្សែបន្ទាត់មេដ្យាន ដែលឧត្តមសេនីយ អាមេរិកម្នាក់បានបង្កើតឡើង កាលពីឆ្នាំ ១៩៥៤ នៅក្នុងពេលមានសកម្មភាពអរិភាពសង្គ្រាមត្រជាក់កើនឡើងដល់ចំណុចខ្ពស់បំផុត យោធាប្រទេសចិនបានគោរពយ៉ាងទូលំទូលាយអស់រយៈពេលជាច្រើនឆ្នាំនូវខ្សែបន្ទាត់នេះ។
