ភ្នំពេញ ៖ បណ្តុំយុវជន អង្គការ សមាគម សង្គមស៊ីវិល ថ្កោលទោសចំពោះយុវជនមួយក្រុមតូច ជាពិសេសអង្គការមិនមែនរដ្ឋាភិបាល (NGOs) មួយចំនួនបាននឹងកំពុងពង្វក់ និងយកយុវជនខ្មែរមកធ្វើជាឈ្នាន់នយោបាយ ក្នុងការកេងចំណេញរូបភាព និងសកម្មភាព ដើម្បីសរសេររបាយការណ៍រកជំនួយពីបរទេស មកបំពេញមហិច្ឆតាផ្ទាល់ខ្លួន ដែលមិនបានសបញ្ជាក់ពីសកម្មភាពដើម្បីចូលរួមរកយន្តការដោះស្រាយពិតប្រាកដ។
ក្រុមយុវជនសង្គមស៊ីវិល បានអង្កេតឃើញថា ក្រុមយុវជនកូនកាត់ ជាពិសេសអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចនោះតែងតែធ្វើសកម្មភាពក្នុងន័យក្រឡៃការពិត ដើរបង្ករភាពអនាធិបតេយ្យ បង្កើតរូបភាពមិនគប្បី ដើម្បីផ្តិតយករូបភាព សកម្មភាពឲ្យមហាជនជាតិ-អន្តជាតិ មើលឃើញប្រទេសខ្លួនក្នុងផ្លូវអាក្រក់ សូម្បីតែមិនមានបញ្ហាក៏គេអាចចាក់ឆ្កឹះឆ្កៀលដើម្បីបង្កជាបញ្ហាបានដែរ។
ជាការពិត រូបភាពទាំងនោះកើតពីបុគ្គល និងអង្គការដែលរណបបរទេសជារឿយៗបានសរសេរព័ត៌មាន និងរបាយការណ៍ពីប្រទេសកម្ពុជា ក្នុងគោលបំណងមិនល្អ ទាំងដឹងថាប្រទេសខ្លួនបាននឹងកំពុងខិតខំបំពេញបេសកកម្មក្នុងការកសាងជាតិបានជាលទ្ធផលរីកចម្រើនលើគ្រប់វិស័យក៏ដោយ។
ក្រុមយុវជន បានអំនាវនាវដល់យុវជនមួយក្រុមតូចនោះ មេត្តាកែប្រែចិត្តគំនិត រើបម្រាស់ពី មនោគម៍វិជ្ជាខ្មៅកង្វក់របស់ជនអគតិ ឬអ្នកនយោបាយអគតិមួយចំនួនចេញឲ្យបាន និងសូមកុំបណ្តោយឲ្យអនាគតខ្លួន ក្រុមគ្រួសារ និងប្រទេសជាតិជួបបញ្ហាដោយសារសកម្មភាពខ្វះការពិចារណារបស់អ្នកឲ្យសោះ។ យើងខ្ញុំក៏សុំប្រឆាំងយ៉ាងដាច់ខាតចំពោះបុគ្គលណា យុវជនណា ឬអង្គការណាដែលយករឿងបរិស្ថាន និងសិទ្ធិមនុស្សមកធ្វើជាវិច្ឆេទកម្មនយោបាយ៕ ដោយ ៖ ដារា



