ភ្នំពេញៈ រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងសាធារណការនិងដឹកជញ្ជូន អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តរតនគិរី ត្រូវសហការសិក្សាលើគម្រោងកសាងហេដ្ឋារ ចនាសម្ព័ន្ធតភ្ជាប់រវាងកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅតំបន់ទន្លេរពៅ ខេត្តព្រះវិហារ និងនៅតំបន់កន្ទុយនាគ ខេត្តរតនគិរី។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញនៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះដែរ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ប្រជាជនចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។ ក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាបខ្លឹមសារអប់រំពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោ លនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
រាជរដ្ឋាភិបាលក៏បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តការយកចិត្តទុកដាក់ខ្ពស់ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបឱ្យកាន់តែមានប្រសិទ្ធភាពនូវរាល់បទល្មើសពាក់ព័ន្ធនឹងការកាប់ទន្ទ្រានព្រៃឈើ ការគេចវេះពន្ធឆ្លងដែន ការរត់ពន្ធគ្រឿងញៀន និងការជួញដូរ និងរត់ពន្ធមនុស្សជាដើម។
ក្រសួង ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារនិងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋដែលបានជា ប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយមិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។ ដោយឡែក ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលញុះញង់ និងឃោសនាមិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។
រាជរដ្ឋាភិបាល បានណែនាំដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ បងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំនិងត្រៀមខ្លួនរួចជាស្រេច ក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះ ឱ្យប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ពិសេស ត្រូវខិតខំធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនគណៈប្រតិភូជាន់ខ្ពស់នៃបណ្ដាប្រទេសជាសមាជិក ប្រតិភូកីឡា គ្រូបង្វឹក កីឡាករ ឱ្យបានល្អប្រសើរ។
សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងទៀតថា ក្នុងបរិបទថ្មីនៃសណ្តាប់ធ្នាប់តំបន់ និងពិភពលោក, កម្ពុជាបន្តអនុវត្តគោលនយោបាយការបរទេស ដែលរក្សាទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេសជិតខាង និងបណ្ដាប្រទេសនានាក្នុងតំបន់និងពិភពលោក ដោយការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា អនុលោមតាមរដ្ឋធម្មនុញ្ញ ធានាអធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ៕ ដោយ៖ គង់ ឌិន
