មីយ៉ាន់ម៉ា៖ កងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារដោយឥតញញើតដៃ ទៅលើក្បួនបាតុកម្មប្រឆាំងរដ្ឋប្រហារដ៏ធំបំផុតកាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្ស ៧នាក់រយៈពេល ៣០ថ្ងៃក្រោយការរឹបអូសអំណាច ធ្វើឲ្យប្រទេសមួយនេះធ្លាក់ទៅក្នុងវិបត្តិនយោបាយ។
ក្រោយការធ្លាក់ចុះចំនួនមនុស្សចូលរួមបាតុកម្ម និងការអត់ធ្មត់ជាងមុនរបស់កងកម្លាំងសន្តិសុខ បាតុកម្មលើកនេះត្រូវបានចូលរួមដោយការធ្វើបាតុកម្ម នៅតាមតំបន់សហគមន៍មីយ៉ាន់ម៉ានៅទូទាំងពិភពលោក ដើម្បីចាប់ផ្ដើមនូវអ្វីដែលក្រុមអ្នករៀបចំបានចាត់ទុកថាជា “បដិវត្តន៍ពណ៌មីយ៉ាន់ម៉ាសកល”។ ក្រុមអ្នករៀបចំបាតុកម្មបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ថា “អង្រួនពិភពលោកជាមួយនឹងសំឡេងសាមគ្គីភាពប្រជាជនមីយ៉ាន់ម៉ា”។ ទីភ្នាក់ងារព័ត៌មាន Mizzima បានរាយការណ៍ថា ចរន្តក្រុមបាតុករដែលខ្លះដឹកនាំដោយព្រះសង្ឃ បានដង្ហែក្បួនតាមដងផ្លូវនៅតាមទីក្រុងជាច្រើននៅទូទាំងប្រទេស ដែលរួមទាំងទីក្រុងពាណិជ្ជកម្មយ៉ាងហ្គោន និងទីក្រុងធំទី២ ម៉ាន់ដាឡេ ជាកន្លែងដែលមនុស្ស ២នាក់ត្រូវបានបាញ់សម្លាប់។
យោងតាមការវាយតម្លៃពីអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា សង្គ្រាមជាមួយក្រុមបះបោរជនជាតិដើមភាគតិច នៅតាមតំបន់ដាច់ស្រយោលនៅព្រំដែនភាគខាងជើង និងខាងកើតបានឡើងកម្តៅខ្លាំងផងដែរ ចាប់តាំងពីការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ជម្លៀសខ្លួន៕
អត្ថបទ៖ សារ៉ាត់