ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការផ្តួចផ្តើមឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តគម្រប់ខួប១០ឆ្នំា គឺជាការគាស់រំលើងនូវប្រពៃណី វប្បធម៌ខ្មែរ ឲ្យរស់រវើកឡើងវិញ និងបង្កើតភាពសប្បាយរីកជូនប្រជាពលរដ្ឋគ្រប់ទិសទី ខណៈដែលព្រឹត្ដិការណ៍មានកម្មវិធី៤៤កម្មវិធី និងចំនួន៦ ទីតាំងក្នុងក្រុងសៀមរាប។

ឯកឧត្ដម បានថ្លែងបែបនេះ នាឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ។ ឯកឧត្ដមមានប្រសាសន៍ថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តកាលពីឆ្នាំ២០១៣មក ក៏ដូចជាឆ្នាំ២០២៣នេះ ស្មារតីជារួមរបស់អង្គរសង្ក្រាន្ត គឺលើកស្ទួយប្រពៃណីវប្បធម៌ខ្មែរ ក្នុងនោះការសាងសង់សំណង់នានាក៏ត្រូវគោរពតាមរចនាបទខ្មែរដែរ។ ឯកឧត្តមបញ្ជាក់ថា “ព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីឆ្នាំ២០១៣ ដល់ ឆ្នាំ២០១៨ ហើយនឹងបច្ចុប្បន្ន២០២៣ ស្មារតីជារួម គឺការលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ហើយក្នុងនោះរចនាបទខ្មែរក៏ដូចគ្នាដែរ ហើយនៅទិដ្ឋភាពនៅទីតាំងនីមួយៗ តែងតែធ្វើការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកគ្រូអ្នកគ្រូ នៃសាលាវិចិត្រសិល្បៈដែលគ្រប់រចនាបទរបស់យើង ដូចជាទីតាំងដែលយើងកំពុងឈរនៅភូមិខ្ញុំ ទីលានជល់ដំរី មុខប្រាសាទបាយ័ន គឺយើងគិតគូរថាសម័យកាលណា ហើយសម្លៀកបំពាក់ណា ដំបូលរបៀបម៉េច? ពេលខ្លះយើងមានសម័យកាលតែមួយឬលើសពីមួយទាំងអស់នេះយើងតែងតែឆ្លងសួរនាំ និងតែងមានការណែនាំពិគ្រោះយោបល់ពីលោកគ្រូ អ្នកគ្រូ សាលាវិចិត្រសិល្បៈ មុនយើងសម្រេចការសាងសង់ជារចនាបទឲ្យស្របទៅនឹងដំណាក់កាល ហើយដោយសារជាព្រឹត្តិការណ៍មួយដែលលើកស្ទួយរបៀបរបបប្រពៃណីវប្បធម៌យើង ដូចនេះរចនាបទទាំងអស់ស្ទើរតែទាំងស្រុងទៅក្នុងការយកគំរូតាមអ្វីដែលជារចនាបទខ្មែរ។ ប៉ុន្តែឯកឧត្ដមបញ្ជាក់ថា កន្លែងខ្លះក៏មានច្នៃប្រឌិតដែរ ឧទាហរណ៍ដូចជានៅត្រពាំងសេស ដែលមានតំបន់តោះៗលេងទឹកឬក៏អី ដែលវាជាកន្លែងកម្សាន្ត មិនអាចទាំងស្រុងដូចរចនាបទទេ“ ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ ក្រុមការងារនៃស.ស.យ.ក. បានពង្រីកទីតាំងលេងកម្សាន្តដល់៦ទីតាំង និងមានល្បែងលេងកម្សាន្តដល់ទៅ៤៤ប្រភេទ សម្រាប់ទទួលអ្នកមកកម្សាន្ត។ ជាមួយនឹងការពង្រីកទំហំព្រឹត្តិការណ៍នេះ ក៏មានយុវជនស្ម័គ្រចិត្តជាង៥០០០នាក់មកចូលរួមផងដែរ៕










