ឆ្លើយតបទៅនឹងការដកខ្សែក្រវ៉ាត់របស់ស្ថាប័នប្រដាល់ WMO អ្នកប្រដាល់ប្រេស៊ីល Thiago Teixeira បានធ្វើសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។
ឆ្លើយទៅនឹងសំនួរអ្នកសារព័ត៌មាន Thiago Teixeira បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះ ទង្វើរបស់របស់ស្ថាប័ន WMO ដោយបញ្ជាក់ថានេះជាការរើសអើងមួយ។ ខណៈនោះ Thiago ក៏បានលើកឡើងដែរថា WMO មិនមែនជាអ្វីៗទាំងអស់នោះទេ ព្រោះមិនមែនជាស្ថាប័នធំតែឯងលើពិភពលោកនោះទេ គ្រប់ប្រទេសមានស្ថាប័នប្រដាល់ពិភពលោករបស់គេ។
Thiago បានសម្តែងនូវការងឿងឆ្ងល់ផងដែរ ពាក់ព័ន្ធនឹងការតុបតែងខ្លួនរបស់គេ ដោយមានខោគុនខ្មែរ តែអ្នករៀបចំការប្រកួតមិនថាអ្វីនោះទេ នៅតែឱ្យប្រកួត។ កីឡាករប្រេស៊ីលរូបនេះ បានប្រាប់អ្នកសារព័ត៌មានដែរថា គេមិនបានជជែក និងជូនដំណឹងពីការដកខ្សែក្រវ៉ាត់នេះទេ ស្រាប់តែចេញលិខិតតាមផេករបស់គេ ហើយទាក់ទងនឹងតម្លៃខ្លួន ក៏មិនទាន់ផ្តល់ឱ្យដែរ។
សូមជម្រាបជូនថា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីជាការលើកទឹកចិត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជួយឧបត្ថម្ភដល់កីឡាករប្រដាល់ Thiago Teixeira សញ្ជាតិប្រេស៊ីល នូវថវិកាចំនួន២០,០០០ដុល្លារ។ សម្តេចបានបន្ថែមថាមួយវិញទៀតប្រសិនបើមិនខុសទាស់ផ្នែកផ្លូវច្បាប់ណាមួយរបស់ប្រេស៊ីល សម្តេចនឹងស្នើទៅព្រះមហាក្សត្រ ដើម្បីផ្តល់សញ្ជាតិខ្មែរជូនកីឡាករ Thiago ។
ក្នុងសន្និសីទសារព័ត៌មាននេះដែរ Thiago បានបញ្ជាក់ថាសម្រាប់អនាគត ខ្លួនចង់រស់នៅទីនេះ(កម្ពុជា)ជារៀងរហូត ដោយទីនេះ ជាផ្ទះរបស់គេ។ ចំពោះមុខគោលដៅរបស់គេគឺ ផ្សព្វផ្វាយប្រដាល់គុនខ្មែរ និងបន្តមូលនិធិគុនខ្មែរ ដើម្បីបណ្តុះបណ្តាលគុនខ្មែរ។
ខណៈនោះកីឡាកររូបនេះ ក៏បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្ត និងសប្បុរសជននានា ក៏ដូចជាប្រជាជនកម្ពុជាដែលគាំទ្រដល់រូបគេ។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវទទួលបានការគាំទ្រ និងឧបត្ថម្ភជាបន្តបន្ទាប់ ក្រោយពីខ្លួនបានដូរមកហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីបានស្វែងយល់ពីឬសគល់ និងមូលដ្ឋានច្បាស់លាស់ នៃក្បាច់គុនបុរាណខ្មែរនេះ ហើយកន្លងទៅដើម្បីឱ្យកាន់តែច្បាស់ និងបង្ហាញពីមោទនភាព Thiago បានទៅកាន់ខេត្តសៀមរាបដើម្បីស្វែងយល់ឱ្យបានកាន់តែស៊ីជម្រៅពីវប្បធម៌ និងក្បាច់គុនបុរាណខ្មែរ ដែលត្រូវបានបុព្វបុរសខ្មែរបានឆ្លាក់យ៉ាងច្បាស់នៅលើជញ្ជាំងប្រាសាទមួយចំនួននៅតំបន់អង្គរ៕




