ចិន ៖ ទូរទស្សន៍រដ្ឋចិន បានចាក់ផ្សាយវីដេអូឃ្លីបសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ បើទោះបីជាទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យពីទីកន្លែង និងពេលវេលាដែលសមយុទ្ធយោធា ត្រូវបានធ្វើឡើងនៅថ្ងៃដំបូងនៃសមយុទ្ធគ្រោងទុករយៈពេល ៣ថ្ងៃក៏ដោយ ។
មេបញ្ជាការចម្រុះភូមិភាគបូព៌ានៃកងទ័ពរំដោះប្រជាជន បាននិយាយថា ពួកគេបានចាប់ផ្តើមការល្បាតត្រៀមខ្លួនប្រយុទ្ធ និងសមយុទ្ធ"Joint Sword" នៅជុំវិញកោះតៃវ៉ាន់ ច្រកសមុទ្រតៃវ៉ាន់ រហូតដល់តំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់ តាមការគ្រោងទុក ។
ចិនធ្វើសមយុទ្ធយោធា ដើម្បីបង្ហាញការខឹងសម្បារចំពោះជំនួបរបស់ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy ។ ក្រសួងការពារជាតិកោះតៃវ៉ាន់និយាយថា ពួកគេនឹងឆ្លើយតបវិញដោយស្ងៀមស្ងាត់ ។
គួរឲ្យដឹងថា សមយុទ្ធយោធាដែលត្រូវបានប្រកាសឲ្យដឹងនៅថ្ងៃក្រោយពេលដែលលោកស្រី Tsai វិលត្រឡប់ពីសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងទុកច្រើន បន្ទាប់ពីចិនថ្កោលទោសជំនួបជាមួយប្រធានសភាអាមេរិកលោក Kevin McCarthy នៅទីក្រុង Los Angeles ។
ចិនចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន ហើយពួកគេមិនធ្លាប់ដែលបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីដណ្តើមគ្រប់គ្រងកោះមួយនេះ ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់ បានជំទាស់ទាំងស្រុងចំពោះអំណះអំណាងរបស់ចិន ៕ ដោយ ៖ សារ៉ាត់

