ឥណ្ឌា ៖ ប្រទេសឥណ្ឌា មើលឃើញការហក់ឡើងខ្ពស់ករណីឆ្លងជំងឺ COVID-19 ស្របពេលដែលប្រទេសមួយនេះ រកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃសៅរ៍ ចាប់តាំងពីខែកញ្ញារហូតមក ។
រដ្ឋាភិបាលសហព័ន្ធឥណ្ឌា បានស្នើឲ្យរដ្ឋនានាបញ្ជាក់ពីចំណុចមានករណីឆ្លងខ្លាំងជាបន្ទាន់ និងបង្កើនការធ្វើតេស្តរកជំងឺ COVID-19 ។
ក្រសួងសុខាភិបាលសហព័ន្ធឥណ្ឌា និយាយកាលពីថ្ងៃសៅរ៍ថា មានករណីឆ្លងថ្មីចំនួន ៦.១៥៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាករណីឆ្លងហក់ឡើងខ្ពស់ ចាប់តាំងពីស្ងប់ស្ងាត់មួយរយៈកាលពីឆ្នាំមុន ។
សេចក្តីថ្លែងការណ៍រដ្ឋាភិបាលកាលពីថ្ងៃសុក្រនិយាយថា នៅជំនួបពិនិត្យកម្រិតដែលរដ្ឋនានា បានត្រៀមខ្លួន រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Mansukh Mandaviya បានស្នើសុំឲ្យពួកគេបង្កើនការធ្វើតេស្តរកវីរុស ។
ករណីឆ្លងថ្មីប្រចាំថ្ងៃនេះដែរ មានចំនួនច្រើនជាង ត្រីដងនៃចំនួនករណីឆ្លងប្រហែល ២ពាន់នាក់ កាលពីដំណាច់ខែមីនា ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌា រកឃើញករណីឆ្លងជំងឺ COVID-19ជាង ៤៤.៧លាននាក់ ចាប់តាំងពីការរីករាលដាលឆ្លងសកលវីរុសកាលពីរយៈពេល៣ឆ្នាំមុន ពោលគឺពួកគេឈរនៅចំណាត់ថ្នាក់លេខ ៣ជាប្រទេសមានករណីឆ្លងវីរុសខ្ពស់ជាងគេបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ៕

