អ៊ីស្រាអ៊ែល ៖ ភាពតានតឹងឡើងកម្តៅខ្លាំងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ក្រោយភ្ញៀវទេសចរអ៊ីតាលីម្នាក់ ត្រូវបានសម្លាប់ និង ៥នាក់ទៀត បានរងរបួស ក្នុងហេតុការណ៍រថយន្តបើកដេញបុកនៅប្រទេសអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ។
រថយន្តមួយគ្រឿង បានបើកបំបុកហ្វូងមនុស្សតាមផ្លូវនៅជិតផ្លូវដើរ និងផ្លូវជិះកង់ក្នុងទីលំហែកាយទីក្រុងតែល អាវីវ ។ ក្រុមនគរបាលនិយាយថា អ្នកបើកបរ ត្រូវបានបាញ់សម្លាប់ដោយមន្រ្តីនគរបាលឈរជើងនៅក្បែរនោះ ពេលដែលអ្នកបើកបររូបនោះព្យាយាមដកកាំភ្លើង ។
លោក Spencer គឺជាភ្ញៀវទេសចរអាមេរិក បានមើលឃើញហេតុការណ៍កើតឡើង ។ លោកនិយាយថា ពួកយើងបានឮសំឡេងគ្រាប់កាំភ្លើង ពួកយើងបានមើលឃើញការបាញ់ប្រហារ ហើយពួកយើងឃើញមនុស្សរត់ឆ្លងកាត់ផ្លូវ ហើយបន្ទាប់មកពួកយើងឮសំឡែងសឺរ៉ែន ។
ប្រភពកងកម្លាំងសន្តិសុខអ៊ីស្រាអែល បានបញ្ជាក់ថា ជនវាយប្រហារគឺជាជនអារ៉ាប់អ៊ីស្រាអែល មកពីទីក្រុង Kafr Qassem ។
សេវាកម្មរថយន្តគិលានសង្រ្គោះ Magen David Adom និយាយថា ជនរងគ្រោះទាំងអស់គឺជាភ្ញៀវទេសចរបរទេស ។
ដោយឡែក កាលពីព្រឹកថ្ងៃសុក្រ បងប្អូនស្រីអ៊ីស្រាអែល ២នាក់ ម្នាក់អាយុ ២០ និងម្នាក់ទៀតអាយុ ១៦ឆ្នាំដែលមានសញ្ជាតិអង់គ្លេសដូចគ្នា ត្រូវបានសម្លាប់ និងម្តាយរបស់ពួកគេ បានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារទៅលើរថយន្តរបស់ពួកគេនៅកន្លែងតាំងលំនៅនិគមន៍ជនជាតិជ្វីហ្វ Hamra ស្ថិតក្នុងតំបន់ជ្រលងភ្នំ Jordan Valley ៕ ដោយ ៖ សារ៉ាត់

