អារ៉ាប៊ីសាអូឌីត ៖ ក្រសួងការបរទេសរបស់ទីក្រុងរីយ៉ាដបាននិយាយថា គណៈប្រតិភូការទូតអារ៉ាប៊ីសាអូឌីត បានទៅដល់ទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាអំពីការបើកបេសកកម្មការទូតរបស់ខ្លួនឡើងវិញបន្ទាប់ពីអវត្តមានរយៈពេលប្រាំពីរឆ្នាំ។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រី ការបរទេសនៃប្រទេសទាំងពីរក្នុងប្រទេសចិនក្នុង សប្តាហ៍នេះបន្ទាប់ពីពួកគេបានឯកភាពកាល ពីខែមុនក្នុងការស្តារទំនាក់ទំនងការទូតឡើងវិញ។
ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបាននិយាយថា ដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍គឺជាផ្នែកមួយនៃ "ការអនុវត្តកិច្ចព្រមព្រៀងត្រីភាគី" កាលពីថ្ងៃទី១០ខែមីនា រវាងមហាអំណាចតំបន់ទាំងពីរ ដែលសម្របសម្រួលដោយប្រទេសចិន ដើម្បីស្តារទំនាក់ទំនងដែលបែកបាក់ក្នុងឆ្នាំ២០១៦ ឡើងវិញ នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត (SPA)។
SPA បានរាយការណ៍ថា "គណៈប្រតិភូបច្ចេកទេស" អារ៉ាប៊ីសាអូឌីតបានជួបជាមួយប្រធានពិធីសាររបស់អុីរ៉ង់នៅក្រសួងការបរទេសក្នុងទីក្រុងតេអេរ៉ង់។
ប្រទេសទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងក្នុងឆ្នាំ២០១៦ បន្ទាប់ពីក្រុមបាតុករក្នុងប្រទេសអុីរ៉ង់ បានវាយប្រហារបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីត ក្រោយពេលក្រុងរីយ៉ាដបានប្រហារជីវិតមេដឹកនាំនិកាយស៊ីអ៊ីតដ៏លេចធ្លោម្នាក់ ។
ការខិតចូលជិតគ្នារវាងអារ៉ាប៊ីសាអូឌីតប្រកាន់និកាយស៊ូនីភាគច្រើន ជាប្រទេសនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោក និងអុីរ៉ង់ប្រកាន់និកាយស៊ីអ៊ីតភាគច្រើន ដែលមានជម្លោះដ៏ជូរចត់ជាមួយរដ្ឋាភិបាលលោកខាងលិចជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន មានឥទ្ធិពលខ្លាំងក្នុងការកំណត់ទិសដៅទំនាក់ទំនងថ្មីនៅទូទាំងតំបន់ ដែលត្រូវកត់សម្គាល់បានដោយភាពចលាចលអស់ជាច្រើនទសវត្សរ៍។
ក្រោមកិច្ចព្រមព្រៀងកាលពីខែមុន ប្រទេសទាំងពីរត្រូវបើកស្ថានទូត និងបេសកកម្មរៀងៗខ្លួនឡើងវិញ ក្នុងរយៈពេលពីរខែ ហើយអនុវត្តកិច្ចព្រមព្រៀងសន្តិសុខ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលត្រូវបានចុះហត្ថលេខាជាង២០ឆ្នាំមុន។
ប្រធានាធិបតីអុីរ៉ង់លោក Ebrahim Raisi ត្រូវបានអញ្ជើញដោយព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman ឲ្យទៅកាន់ទីក្រុង Riyadh ដែលគ្រោងនឹងធ្វើឡើងបន្ទាប់ពីខែពិសិដ្ឋបុណ្យរ៉ាម៉ាដានរបស់សាសនាអុីស្លាម។
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានប្រជែងដណ្តើមឥទ្ធិពលគ្នានៅស៊ីរី លីបង់ និងអ៊ីរ៉ាក់។
ប្ប្រទេសទាំងពីរក៏គាំទ្រក្រុមគូប្រជែង ក្នុង តំបន់ ជម្លោះ ជាច្រើន រួមទាំង ក្នុង ប្រទេស យ៉េម៉ែន ជាទីដែល ក្រុម ឧទ្ទាម Houthi មានសម្ព័ន្ធភាពជិតស្និទ្ធជាមួយ ក្រុង Tehran ហើយ ទីក្រុង Riyadh ដឹកនាំ ក្រុមចម្រុះយោធា គាំទ្រ រដ្ឋាភិបាលយ៉េម៉ែន។
