ហាណូយ៖ សមាជិកព្រឹទ្ធសភាអាមេរិកលោក Jeff Merkley បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយ កាលពីថ្ងៃសៅរ៍(៨ មេសា)ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម នៅសប្តាហ៍ក្រោយ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីលើកកម្រិតទំនាក់ទំនងការទូតជាមួយទីក្រុងហាណូយឲ្យខ្ពស់ជាងមុននៅឆ្នាំនេះ។
ដំណើរទស្សនកិច្ចរបស់លោក Blinken ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ នឹងធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក Joe Biden បាននិយាយទូរស័ព្ទ កាលពីសប្តាហ៍មុនជាមួយប្រធានបក្សកុម្មុយនិស្តកំពុងកាន់អំណាចរបស់វៀតណាម លោក Nguyen Phu Trong។
សហរដ្ឋអាមេរិកសង្ឃឹមថានឹងលើកកម្រិតទំនាក់ទំនងជាមួយទីក្រុងហាណូយនៅឆ្នាំនេះ ស្របនឹងខួបលើកទី១០កាលពីខែកក្កដានៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។
សមាជិកព្រឹទ្ធសភាលោកMerkley បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដោយគណៈប្រតិភូសមាជិកសភាអាមេរិកក្នុងគោលបំណងជំរុញទំនាក់ទំនងជាមួយទីក្រុងហាណូយថា "សប្តាហ៍ក្រោយប្រមុខការទូតនឹងមកដល់ទីនេះ" ។
លោក Blinken ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមទំនងជានៅថ្ងៃសៅរ៍ មុនពេលលោកធ្វើដំណើរទៅចូលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានឧស្សាហកម្មឈានមុខទាំងប្រាំពីរ (G7) ក្នុងប្រទេសជប៉ុននៅថ្ងៃទី 16-18 ខែមេសា។
ក្នុងកិច្ចសន្ទនាតាមទូរសព្ទមួយនោះ លោក Biden និងលោក Trong បានព្រមព្រៀងបង្កើនទំនាក់ទំនង នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ភាគីទាំងពីរបន្ទាប់ពីការសន្ទនារបស់មេដឹកនាំទាំងពីរ ប៉ុន្តែពុំមានការលើកឡើងពីការបង្កើនកម្រិតទំនាក់ទំនងជាផ្លូវការនោះទេ។
មុនពេលការសន្ទនាតាមទូរសព្ទនេះ អ្នកវិភាគជាច្រើន បាននិយាយថា វៀតណាមមានការប្រុងប្រយ័ត្នចំពោះការលើកកម្រិតទំនាក់ទំនងនៅឆ្នាំនេះទេ ដោយបារម្ភថាអាចបង្កឱ្យមានភាពតានតឹងជាមួយប្រទេសចិន។
ទោះបីជាវាជាទីផ្សារនាំចេញដ៏ធំបំផុតរបស់វៀតណាមក៏ដោយ ក៏សហរដ្ឋអាមេរិកបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាដៃគូការទូតលំដាប់ទីបីរបស់ទីក្រុងហាណូយ។ ចំណាត់ថ្នាក់កំពូលរបស់ខ្លួនមាន ចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង ខណៈកម្រិតទីពីររបស់ខ្លួន ដែលទីក្រុងវ៉ាស៊ីនតោនចង់ចូលរួមនោះ រួមមានបណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសជប៉ុន។

