បាល់ទាត់៖ ទោះបីជាមានវ័យ ៣៧ឆ្នាំទៅហើយ Dani Alves បានបង្ហាញថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ខណៈដែលអតីតខ្សែការពារ Barcelona បានបង្ហាញពីមហិច្ឆតាចង់បង្ហាញខ្លួនអោយក្រុមជំរើសជាតិប្រេស៊ីលនៅ World Cup ២០២២។
Dani Alves នៅតែជាកីឡាករដែលមានឥទ្ធិពលម្នាក់ ស្របពេលកំពុងប្រកបអាជីពនៅក្លិបយក្សប្រេស៊ីល Sao Paulo។ និយាយប្រាប់សារព័ត៌មាន The Guardian, Dani Alves បានអោយដឹងថា World Cup នៅតែជាក្តីស្រមៃរបស់ខ្លួន រូបគេមិនដែលបោះបង់ក្តីស្រមៃចង់ឈ្នះពាន World Cup ជាមួយប្រេស៊ីលឡើយ គេនឹងព្យាយាមធ្វើអោយខ្លួនឯងរក្សាទំរង់លេងកំរិតកំពូលដដែល ទោះឈានដល់វ័យ ៣៧ឆ្នាំក៏ដោយ។ ព្រឹត្តិការណ៍ជើងឯកទ្វីបអាមេរិកខាងត្បូងរឺ Copa America ក៏នឹងចាប់ផ្តើមនៅរដូវក្តៅខាងមុខនេះដែរហើយ Alves នៅតែរក្សាជំហររបស់ខ្លួនដដែល ប្រសិនមានកោះហៅពីអ្នកចាត់ការប្រេស៊ីលលោក Tite។
រំលឹកថា Dani Alves បានចំណាយពេល១៧ឆ្នាំនៅទឹកដីអឺរ៉ុបក្នុងនោះ Barcelona ជាក្លិបដែលគេរួមរស់យូរជាងគេដល់ទៅ ៨ឆ្នាំបង្ហាញខ្លួនបាន ២៤៧ប្រកួតរកបាន ១៤គ្រាប់។ ជាមួយក្រុមជំរើសជាតិប្រេស៊ីល Dani Alves បង្ហាញខ្លួនបាន ១១៨លើក រកបាន ៨គ្រាប់គិតតាំងពីការបង្ហាញខ្លួនដំបូងនៅឆ្នាំ២០០៦៕
អត្ថបទ៖នាង សុភាវុធ