អ៊ីស្រាអែល ៖ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុកររាប់ម៉ឺននាក់ បានធ្វើបាតុកម្មប្រឆាំងផែនការរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ក្នុងការរឹតបន្តឹងការគ្រប់គ្រងតុលាការកំពូល បើទោះបីជាមានក្តីកង្វល់ពីសន្តិសុខកើនឡើងក៏ដោយ ក្រោយការវាយប្រហារសម្លាប់មនុស្ស ២លើកកាលពីរយៈពេល ១ថ្ងៃមុន ។
នៅកណ្តាលទីក្រុងតែលអាវីវ ក្រុមបាតុករគ្រវីទង់ជាតិអ៊ីស្រាអែលពណ៌ខៀវ និងស.ដែលក្លាយជាសញ្ញាសំគាល់នៃបាតុកម្មរយៈពេលជាង ៣ខែកន្លងមកនេះ បានជួបជុំគ្នាដើម្បីបង្ហាញការប្រឆាំងនឹងផែនការដែលពួកគេយល់ឃើញថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល ។
បាតុកម្មចុងក្រោយប្រឆាំងនឹងផែនការដែលផ្អាកកាលពីខែមុនថ្វីត្បិតតែមានរលកកូដកម្មកក៏ដោយនោះ បានកើតមានឡើង ពេលដែលអ៊ីស្រាអែលប្រឈមនឹងភាពតានតឹងកើនឡើងភ្លាមៗនៅតាមតំបន់ជួរមុខជាច្រើនអំឡុងខែបុណ្យតមអាហាររ៉ាម៉ាដានរបស់ប្រជាជនមូស្លីម ។
នៅជុំវិញព្រះវិហារ Al-Aqsa ក្រុមអ្នកបួងសួងរាប់ពាន់នាក់ បានចូលរួមពិធីថ្វាយបង្គុំព្រះពេលល្ងាច ខណៈដែលមានក្តីកង្វល់ពីលទ្ធភាពនៃការវាយឆ្មក់ម្តងទៀតរបស់ក្រុមនគរបាលនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែតចូលទឹកដីអ៊ីស្រាអែល ហើយនិងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីសា្រអែលចូលទៅក្នុងតំបន់កាន់កាប់ហ្គាហ្សាស្រ្ទីប និងតំបន់ភាគខាងត្បូងលីបង់ ៕ ដោយ ៖ សារ៉ាត់

