ទុយនីស៊ី ៖ មនុស្ស ២៧នាក់ ស្លាប់ ឬបាត់ខ្លួនក្រោយទូកដឹកអន្តោប្រវេសន៍ ២គ្រឿង បានលិចនៅជិតតំបន់ឆ្នេរប្រទេសទុយនីស៊ី ។
លោក Faouzi Masmoudi គឺជាអ្នកនាំពាក្យតុលាការនៅទីក្រុង Sfaxនិយាយថា ទូកទី ១ បានចាកចេញពីទុយនីស៊ី ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ ដោយផ្ទុកជនអន្តោប្រវេសន៍ ៣៧នាក់ ។ មនុស្ស ២០នាក់ បានបាត់ខ្លួន ខណៈដែលមនុស្ស ១៧នាក់ ត្រូវបានជួយសង្រ្គោះ ។
លោក Masmoudi បន្តថា កាលពីថ្ងៃសៅរ៍ សាកសពមនុស្ស ៤នាក់ ត្រូវបានរកឃើញនៅតំបន់ឆ្នេរ ក្រោយទូកទី ២បានលិច ។ មនុស្ស ៣៦នាក់ដែលនៅលើទូកទី ២ ត្រូវបានជួយសង្រ្គោះ ហើយមនុស្ស ៣នាក់កំពុងបាត់ខ្លួន ។
គួរឲ្យដឹងថា ចាប់តាំងពីដើមខែមីនារហូតមក មាននូវឧប្បត្តហេតុលិចទូយ៉ាងហោច ៧លើកនៅជិតតំបន់ឆ្នេរប្រទេសទុយនីស៊ី ក្នុងនោះមនុស្ស ១០០នាក់ ស្លាប់ ឬបាត់ខ្លួន ។
តំបន់ឆ្នេរប្រទេសទុយនីស៊ី មានចម្ងាយប្រហែល ១៥០គ.មប៉ុណ្ណោះពីកោះ Lampedusa របស់អ៊ីតាលី វាបានក្លាយជាចំណុចឆ្លងកាត់ដ៏សំខាន់ទៅកាន់ដីគោក ៕

