បារាំង៖ មនុស្ស ៥នាក់រងរបួស និង ៨នាក់បាត់ខ្លួន ក្រោយការផ្ទុះដែលធ្វើឲ្យអគារអ័បផាតមិនមួយបាក់រាបដល់ដីនៅក្នុងទីក្រុងម៉ាកសី (Marseille) ភាគខាងត្បូងប្រទេសបារាំង។ មូលហេតុនៃការផ្ទុះមិនត្រូវបានគេដឹងនៅឡើយទេ។

ការផ្ទុះនេះបានបំផ្លិចបំផ្លាញអគារនេះភ្លាមៗ បន្ទាប់ពីយប់ជ្រៅរំលងអធ្រាត្រ ហើយប្លុកផ្ទះល្វែងក្បែរខាងបានដួលរលំប៉ុន្មានម៉ោងក្រោយ។ ចំណែកអភិបាលក្រុងនេះលោក Benoit Payan និយាយថា ហេតុការណ៍នេះទំនងជាមានមនុស្សស្លាប់។ មនុស្សជិត ២០០នាក់ត្រូវបានជម្លៀសចេញពីអគារក្បែរៗនោះ។ ក្រុមអ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ត្រូវបានបញ្ជូនទៅពន្លត់អណ្ដាតភ្លើង ក្រោយការផ្ទុះ។ អគ្គិភ័យបានឆេះស្ទើរពេញមួយថ្ងៃអាទិត្យម្សិលមិញ ហើយក្រុមអាជ្ញាធរបានព្រមានថា អណ្ដាតភ្លើងអាចបន្តជាច្រើនម៉ោងទៀត ទោះបីកម្លាំងនៃការឆាបឆេះបានធូរស្រាលកាលពីល្ងាចថ្ងៃអាទិត្យហើយក៏ដោយ។
អគ្គិភ័យនេះបានរារាំងការស្វែងរកមនុស្សបាត់ខ្លួន ដែលក្រុមរដ្ឋអាជ្ញារបស់ទីក្រុងនេះនិយាយថា រួមទាំងមនុស្សវ័យក្មេង ២នាក់ និងមនុស្សដែលគេបានដឹងអាយុពិតប្រាកដមួយចំនួនទៀត។ លោក Payan បាននិយាយថា យើងត្រូវតែត្រៀមទទួលយកជនរងគ្រោះថែមទៀត ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin ដែលបានធ្វើដំណើរទៅកាន់ទីក្រុងនោះកាលពីថ្ងៃអាទិត្យបានប្រាប់សារព័ត៌មានថា លោកពុំបានដឹងទេថា តើអ្នកកំពុងបាត់ខ្លួនទាំងនោះនៅមានជីវិត ឬបានស្លាប់ហើយ៕
អត្ថបទ៖ សុខមាន