បាល់ទាត់៖ ពេលនេះកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំបានទៅដល់ និងកំពុងបន្តហ្វឹកហាត់នៅប្រទេសថៃជាលើកទី២ និងជាការបោះជំរំហ្វឹកហាត់ក្រៅស្រុកជាលើកទី៣ ត្រៀមសម្រាប់ប្រកួតស៊ីហ្គេម ២០២៣ លើប្រភេទកីឡាបាល់ទាត់ដែលនឹងចូលមកដល់ក្នុងរយៈពេលជាង ២០ថ្ងៃទៀតតែប៉ុណ្ណោះ។
មុនចាកចេញកីឡាករ លឹម ពិសុទ្ធ បានផ្តល់កិច្ចសម្ភាសន៍ខ្លីថា ចំពោះមុខរូបគេត្រៀមរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់។ ហើយចំពោះមុខត្រូវគិតជាជំហានៗសិនធ្វើម៉េចឱ្យឆ្លងផុតពូលសិន។ ចំនែកខ្សែបម្រើមកពីព្រះខ័នរាជ មិន រតនៈ ក៏បានប្រាប់ឱ្យដឹងដែរសម្រាប់ក្រុមទាំងមូលបានត្រៀមខ្លួនរួចហើយ តាមរយៈការហ្វឹកហាត់ខាងក្រៅនេះមានការយល់គ្នាច្រើន ចំពោះមុខត្រូវជួយក្រុមឱ្យឆ្លងផុតពូល។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ចាប់ផ្តើមការប្រកួតដំបូងដោយត្រូវជួបជាមួយទីម័រខាងកើត ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៧និង០០នាទីយប់នៅពហុកីឡដ្ឋានជាតិ។ សូមរំលឹកថា ឆ្នាំ២០១៩ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រជាង ៦០ឆ្នាំឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតស៊ីហ្គេមលើកទី៣០ ខណៈ សៀង ចន្ធា ក្លាយជាកីឡាករក្មេងបំផុតស៊ុតបញ្ចូលទីលឿនបំផុតក្នុងប្រវត្តិស៊ីហ្គេម៕
