វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លំដាប់លេខ៥ ពិភពលោក Ons Jabeur ដណ្តើមបានជើងឯកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ នេះក្រោយយកឈ្នះកីឡាការិនី Belinda Bencic លើកពាន Charleston Open នៅសហរដ្ឋអាមេរិក។

កីឡាការិនីទុយនីស៊ី Ons Jabeur ដែលជាជើងឯករង Wimbledon និង US Open កាលពីឆ្នាំ២០២២ បានយកឈ្នះអ្នកការពារតំណែងជើងឯកសញ្ជាតិស្វីស Belinda Bencic ដោយលទ្ធផល ៧-៦(៨-៦) និង ៦-៤។ សម្រាប់ Belinda Bencic បានលេងដល់ទៅពីរប្រកួតក្នុងថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលយកឈ្នះ Jessica Pegula នោះមានភ្លៀងធ្លាក់អូសបន្លាយពន្យារដល់ថ្ងៃអាទិត្យ។
ចំណែក Ons Jabeur មានការលំបាកក្នុងរដូវកាល ២០២៣ របស់ខ្លួនដោយសារបញ្ហារបួសតាំងពីធ្លាក់ត្រឹមជុំទី២ Australian Open កាលពីខែមករា។ នេះជាជើងឯកនៅក្នុងក្របខណ្ឌ WTA លើកទី៤ សម្រាប់ Ons Jabeur និងជាជើងឯកនៅលើទីលានដីក្រហមលើកទី២ ក្នុងអាជីព៕
អត្ថបទ៖នាង សុភាវុធ