ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានពិនិត្យ និងឲ្យយោបល់ ដោយបានឯកសារទាំងស្រុងទៅលើសេចក្តីព្រាងច្បាប់ស្តីពី សន្ធិសញ្ញាកំណត់ព្រំដែន រវាងប្រទេសកម្ពុជា និងប្រទេសឡាវ ដោយឥតកែប្រែចំនួន ៥៨សំឡេង និងបានចាត់ទុកថា ជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ សម្រាប់ប្រទេសទាំងពីរ ។
បន្ទាប់ពីសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ព្រឹទ្ធសភាជាតិ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីពិនិត្យឲ្យយោបល់សេចក្តីព្រាងច្បាប់ខាងលើ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើង ក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការដែនដីគ្នា គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីបង្កើនឥតឈប់នូវទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី រវាងកម្ពុជា-ឡាវ ក្នុងការខិតខំបោះបង្គោលព្រំដែន ។
ឯកឧត្តមបានបន្តថា សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា-ឡាវ ជាកំណត់ត្រាទទួលយកលទ្ធផល នៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណជា ៨៦ភាគរយ ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន និងដែលត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ។
ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយ ដែលកម្ពុជា និងឡាវ បានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការលើខ្សែបន្ទាត់ព្រំដែន ដែលអាណានិគមបានបន្សល់ទុកឲ្យ បន្ទាប់ពីប្រទេសទាំងពីរ ទទួលបានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែននៅសល់ប្រមាណជាង ១៤ភាគរយទៀត ដែលភាគីទាំងពីរមិនទាន់សម្រេចបាន និងជាឯកសារគ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនច្បាស់លាស់ ។
គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាជាតិ អនុម័តយល់ព្រមចំនួន ១០៥សំឡេង នៃសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ៕ អត្ថបទ៖ បាន សុខរិទ្ធិ





