បាល់ទាត់៖ ក្លិប Chengdu Rongcheng បានប្រកាសពីការនាំយកខ្សែប្រយុទ្ធប្រេស៊ីលចូលសញ្ជាតិចិន Elkeson មុនរដូវកាលថ្មីនៃក្របខណ្ឌលីគកំពូលចិន Chinese Super League ចាប់ផ្តើម។ កីឡាករដែលមានដើមកំណើតប្រេស៊ីល Elkeson និងមានឈ្មោះចិនថា Ai Kesen ទទួលបានសញ្ជាតិចិននៅឆ្នាំ២០១៩ បានផ្លាស់មកកាន់ Chengdu Rongcheng បន្ទាប់ពីចំណាយពេលរដូវកាលមុននៅក្លិបប្រេស៊ីល Gremio។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានក្លាយជាកីឡាករបរទេសទី១ ដែលទទួលបានសញ្ជាតិចិនក្រោយចំណាយពេលលេងនៅទឹកដីចិនតាំងពីឆ្នាំ២០១២ ដំបូងជាមួយក្លិប Guangzhou Evergrande។ ជាមួយ Guangzhou, Elkeson បានឈ្នះជើងឯក AFC Champions League នៅឆ្នាំ២០១៣ និង ២០១៥ និង Chinese Super League ផងដែរមុនពេលផ្លាស់ទៅ Shanghai SIPG ឈ្នះជើងឯកលីគម្តងទៀតនៅឆ្នាំ២០១៨។ Elkeson ក៏ត្រលប់មក Guangzhou ម្តងទៀតនៅឆ្នាំ២០១៩ គ្រងជើងឯកលីគចិនលើកទី៥ មុនពេលចាកចេញនៅឆ្នាំ២០២២ ដោយសារក្លិបមានវិបត្តិហិរញ្ញវត្ថុ។
Elkeson បានចូលលេងឱ្យក្រុមជម្រើសជាតិចិនដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៩ ពេលចិនជួបម៉ាល់ឌីវ ហើយនៅក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិចិនទៀតដោយគ្រូបង្វឹក Aleksandar Jankovic កាលពីខែមុនដើម្បីបោះជំរំហ្វឹកហាត់។ Chengdu Rongcheng រដូវកាលមុនបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ នៃក្របខណ្ឌ Chinese Super League ហើយនឹងត្រូវជួបជាមួយ Henan FC សប្តាហ៍នេះបើកឆាកលីគកំពូលចិនរដូវកាលថ្មី៕
អត្ថបទ៖នាង សុភាវុធ