ភ្នំពេញ ៖ សមិទ្ធផលថ្មីមួយទៀតហើយ គឺស្ពានបេតុងខ្សែកាបឫស្សីកែវ ដែលជាស្ពានថ្មីស្រឡាងមួយ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការប្រើប្រាស់ជាបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ សម្រាប់ពលរដ្ឋទាំងក្នុង និងក្រៅតំបន់ទាំងអស់ អាចធ្វើដំណើរទៅមកបានយ៉ាងងាយស្រួល ពីក្រុងរណបជ្រោយចង្វា និងផ្លូវជាតិលេខ៦ ឆ្លងកាត់ទន្លេសាបឆ្ពោះទៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ស្របទៅនឹងការបើកអោយដំណើរការប្រើប្រាស់ស្ពានថ្មីខាងលើនេះដែរ ស្ពានបេឡេឫស្សីកែវ ដែលនៅស្របគ្នាជាមួយស្ពាននេះនោះ ត្រូវបានអាជ្ញាធររាជធានី សម្រេចផ្អាកលំហូរចរាចរណ៍បណ្តោះអាសន្ន មិនអោយមានការឆ្លងកាត់នោះឡើយ ។
នៅព្រឹកថ្ងៃខែដដែលនេះ គេសង្គេតឃើញថា មានបងប្អូនប្រជាពលរដ្ឋអ្នកដំណើរជាច្រើនបានបើកធ្វើដំណើរឆ្លងកាត់ស្ពានថ្មី ប្រកបដោយក្តីរំភើប និងអារម្មណ៍សប្បាយរីករាយ ពេលបានឃើញនូវសមិទ្ធផលថ្មី បានលិចចេញនូវរូបរាងជាបន្តបន្ទាប់ ។
ពលរដ្ឋអ្នកដំណើរបានលើកឡើងថា ពួកគាត់សប្បាយចិត្ត ពេលមានស្ពានមួយនេះ ព្រោះស្ពានបេតុងថ្មីនេះ ស្អាត ហើយមានលក្ខណៈធំទូលាយល្អ ងាយអោយពួកគាត់អាចធ្វើដំណើរទៅមកពីតំបន់មួយទៅតំបន់មួយបានលឿនរហ័ស មិនបង្កការកកស្ទះ ។ ពួកគាត់ បន្តថា ពីមុនតំបន់ជ្រោយចង្វា និងឫស្សីកែវ តែងជួបនូវការកកស្ទះខ្លាំងណាស់ ដែលតែងរំខានដល់ការចេញដំណើរទៅបំពេញកិច្ចការងារផ្សេងៗជាដើម ប៉ុន្តែនៅពេលពួកគាត់បានឃើញស្ពានបេតុងថ្មីនេះហើយនោះ ពួកគាត់គិតថាបញ្ហាកកស្ទះ នឹងលែងជាកង្វល់របស់ពួកគាត់ទាំងអស់គ្នាទៀតហើយ ។
សូមបញ្ជាក់ថា ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង។ កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ។ គន្លងខ្សែយានយន្តមានទទឹង៣.៧៥ ម៉ែត្រ។ គន្លងធ្វើចរាចរណ៍ ២ខ្សែទៅ ២ខ្សែមក។ កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍ ៕








