យ៉េម៉ែន៖ គណៈប្រតិភូអារ៉ាប៊ីសាអ៊ូឌីតកំពុងស្ថិតក្នុងរដ្ឋធានីសាណា (Sanaa) របស់ប្រទេសយ៉េម៉ែន សម្រាប់ការពិភាក្សាជាមួយក្រុមចលនាឧទ្ទាមហ៊ូទី ក្នុងគោលបំណងសម្រេចឲ្យបានបទឈប់បាញ់ថ្មី និងអចិន្ត្រៃយ៍ប្រកបដោយផ្លែផ្កា។
អ្នកសម្របសម្រួលមួយក្រុមមកពីប្រទេសអូម៉ង់ ក៏កំពុងមានវត្តមាននៅក្នុងរដ្ឋធានីសាណាដែរ។ រដ្ឋធានីនេះត្រូវបានគ្រប់គ្រងដោយក្រុមចលនាហ៊ូទី ចាប់តាំងពីពួកគេបានបណ្ដេញរដ្ឋាភិបាលយ៉េម៉ែនកាលពីឆ្នាំ២០១៥។ មិនយូរប៉ុន្មានសង្គ្រាមបានចាប់ផ្ដើមផ្ទុះឡើងរវាងក្រុមហ៊ូទី និងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតគាំទ្ររដ្ឋាភិបាល។ សង្គ្រាមនេះបានបន្តចាប់តាំងពីពេលនោះមកបណ្តាលឲ្យពលរដ្ឋយ៉េម៉ែនរាប់ម៉ឺននាក់ស្លាប់ និងប្រជាជនប្រមាណ ៨០% រស់នៅពឹងផ្អែកលើជំនួយ។
ពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយ ត្រូវបានធ្វើឡើងពីភាគីអារ៉ាប៊ីសាអ៊ូឌីតនៅឡើយទេ ប៉ុន្តែសារព័ត៌មានរបស់ក្រុមហ៊ូទីនិយាយថា ទាំងភាគីអារ៉ាប៊ីសាអ៊ូឌីត ទាំងគណៈប្រតិភូអូម៉ង់កំពុងនៅក្នុងរដ្ឋធានីសាណា។ ជម្លោះនៅក្នុងប្រទេសយ៉េម៉ែនមានសភាពស្មុគស្មាញណាស់ បទឈប់បាញ់អចិន្ត្រៃយ៍មួយរវាងក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមចលនាហ៊ូទីនឹងមិនអាចបញ្ចប់ការវាយប្រយុទ្ធទាំងស្រុងបានឡើយ៕
អត្ថបទ៖ សុខមាន