អាមេរិក៖ យោងតាមសារព័ត៌មាន The New York Times កាលពីថ្ងៃសៅរ៍បានរាយការណ៍ថា ឯកសាររបស់មន្ទីរបញ្ចកោណដែលបានលេចធ្លាយ បង្ហាញពីរបៀបដែលសហរដ្ឋអាមេរិកបានជ្រៀតជ្រែកយ៉ាងជ្រៅទៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រូបភាពថតលើអេក្រង់នៃអ្វីដែលទំនងជាត្រូវបានចាត់ថ្នាក់ថា ជាព័ត៌មានយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូអំពីអ៊ុយក្រែន ត្រូវបានរកឃើញនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម។ រូបភាពទាំងនោះរួមមានកម្លាំងយោធា និងសណ្ឋានអាវុធរបស់អ៊ុយក្រែន ផែនទីសមរភូមិ អ្នកស្លាប់ និងរបួសពីភាគីទាំងសងខាង និងការស៊ើបការណ៍សម្ងាត់ត្រូវបានសម្គាល់ថា សម្ងាត់បំផុត។ កាលពីថ្ងៃព្រហស្បតិ៍ សារព័ត៌មាន The New York Times បានរាយការណ៍ថា ថ្មីៗនេះមានគេបានបង្ហោះឯកសារសម្ងាត់យោធាមួយចំនួនប្រហែលជាជាង ១០០ឯកសារនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន ហើយឯកសារទាក់ទងនឹងមជ្ឈិមបូព៌ាក៏បង្ហាញចេញនៅលើបណ្តាញអ៊ីនធឺណិតផងដែរ។ ឯកសារមួយចំនួននៅតែត្រូវបានផ្សព្វផ្សាយ ទោះជារដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រឹងប្រែងលុបវាចោលក៏ដោយ។ ឯកសារមួយចំនួនគឺជារូបភាពនៃផែនទីសមរភូមិដែលមានស្លាកសញ្ញាលម្អិត និងកាលបរិច្ឆេទផ្សេងៗគ្នា។ ពេលវេលានៃរូបថតមានរយៈពេលប្រហែល ៥សប្តាហ៍ដោយមានកាលបរិច្ឆេទចុងក្រោយបំផុតគឺថ្ងៃទី១ ខែមីនា។
ឯកសារផ្សេងទៀតមានព័ត៌មាននៃការហ្វឹកហ្វឺនកងទ័ព និងការដឹកជញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែន ព្រមទាំងអត្រានៃការប្រើប្រាស់គ្រាប់រំសេវរបស់អ៊ុយក្រែនផងដែរ។ ឯកសារមួយដែលត្រូវបានកត់សម្គាល់ថាជាការសម្ងាត់បំផុត បាននិយាយថា ទាហានរុស្ស៊ីពី ១៦,០០០ ទៅ ១៧,៥០០នាក់ត្រូវបានសម្លាប់ ខណៈអ៊ុយក្រែនមានទាហានស្លាប់ជាង ៧១,០០០នាក់គិតត្រឹមថ្ងៃទី១ ខែមីនា។ មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថា រុស្ស៊ីបានបាត់បង់ជីវិតទាហានច្រើនជាងឆ្ងាយ ដោយមានមនុស្សជិត ២០០,០០នាក់បានស្លាប់ និងរងរបួស ខណៈអ៊ុយក្រែនមានមនុស្សស្លាប់ និងរបួសជាង ១០ម៉ឺននាក់។ មន្ទីរបញ្ចកោណបានបើកការស៊ើបអង្កេតលើឯកសារបែកធ្លាយនេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា រុស្ស៊ីពុំមានការសង្ស័យបន្តិចណាឡើយអំពីការចូលរួមដោយផ្ទាល់ ឬដោយប្រយោលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធយោធាណាតូនៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះឡើយ៕
អត្ថបទ៖ ប៊ុនថន