បារាំង៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយឡើងវិញនូវការអំពាវនាវរបស់លោក ឱ្យសហភាពអឺរ៉ុបរក្សាគោលនយោបាយការបរទេសឯករាជ្យ នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យ សម្រាប់សារព័ត៌មានពាណិជ្ជកម្មបារាំងប្រចាំថ្ងៃ Les Echo។
លោកបាននិយាយថា យើងមិនចង់ចូលទៅក្នុងប្លុកប្រឆាំងនឹងចង្កោមប្លុក ដោយលើកហេតុផលថា អឺរ៉ុបមិនគួរចូលពាក់ព័ន្ធនៅក្នុងធ្វើឲ្យការបាត់បង់សណ្តាប់ធ្លាប់នៃពិភពលោក និងវិបត្តិដែលពុំមែនជារបស់យើងនោះទេ។ ការលើកឡើងនេះធ្វើឡើង បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់លោក Macron និងមន្ត្រីសហភាពអឺរ៉ុបផ្សេងទៀតដែលបានជួបជាមួយលោក Xi Jinping ប្រធានាធិបតីចិន។ ក្នុងចំណោមបញ្ហាផ្សេងទៀត មេដឹកនាំជាច្រើនបានពិភាក្សាគ្នាអំពីភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ លោក Macron បានបញ្ជាក់ថា ការកើនឡើងបញ្ហាលើកោះតៃវ៉ាន់ពុំស្ថិតក្នុងការចាប់អារម្មណ៍របស់សហភាពអឹរ៉ុបឡើយ។ សំណួរដែលត្រូវបានសួរពួកយើងពីសហភាពអឺរ៉ុបមានដូចតទៅ៖ តើវាស្ថិតក្នុងចំណាប់អារម្មណ៍របស់យើងដែរឬទេ សម្រាប់ការបង្កើនល្បឿនលើប្រធានបទកោះតៃវ៉ាន់? ទេ រឿងរ៉ាវដែលអាក្រក់បំផុត យើងជាប្រទេសអឺរ៉ុបអាចធ្វើបានគឺធ្វើជាអ្នកដើរតាមប្រធានបទនេះ និងសម្របខ្លួនទៅនឹងលំនាំរបស់អាមេរិក និងប្រតិកម្មហួសហេតុរបស់ចិន។
ហេតុអ្វីបានជាយើងគួរធ្វើទៅតាមលំនាំដែលអ្នកផ្សេងជ្រើសរើស? ប្រមុខរដ្ឋបារាំងបានបញ្ជាក់លើអ្វីដែលលោកចាត់ទុកថា ជាតម្រូវការសម្រាប់សហភាពអឺរ៉ុបក្នុងការអភិវឌ្ឍ «ស្វ័យភាពជាយុទ្ធសាស្ត្រ» ជាពាក្យប្រើដើម្បីសំដៅលើប្លុកដែលរក្សាបន្ទាត់គោលនយោបាយការបរទេសឯករាជ្យ។ លោក Macron និយាយថា រដ្ឋជាសមាជិករបស់សហភាពអឺរ៉ុបគួរតែបញ្ចៀសការក្លាយជា «បរិវារ» ហើយប្លុកនេះអាចដំណើរការជា «ប៉ូលទីបី» នៅក្នុងភូមិសាស្ត្រនយោបាយ រួមជាមួយសហរដ្ឋអាមេរិក និងចិន។ លោកបានព្រមានប្រឆាំងនឹងការធ្វើតាមគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកថាជា «ការបង្ហាញពីភាពភ័យស្លន់ស្លោ»។ ប្រធានាធិបតីបារាំងក៏បានអំពាវនាវឱ្យបង្កើនការចំណាយខាងយោធាដោយនិយាយថា ប្រវត្តិសាស្ត្រកំពុងបង្កើនល្បឿន ហើយសេដ្ឋកិច្ចសង្គ្រាមនៅអឺរ៉ុបចាំបាច់ត្រូវបង្កើនល្បឿនស្របគ្នា៕
អត្ថបទ៖ ប៊ុនថន