បាល់ទាត់៖ ពានរង្វាន់មិនអាជីព «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៦ បានបើកការប្រកួតផ្លូវការហើយនៅទីលាន Premium Sport Club កាលពីចុងសប្ដាហ៍កន្លងទៅ ដោយមានការចូលរួមពីឯកឧត្ដម សុខ សប្បាយណា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មាធិការរៀបចំប្រកួត រួមទាំងក្រុមចូលរួមក្នុងព្រឹត្តិការណ៍នេះទាំង ៣១ក្រុមផងដែរ។
ឯកឧត្ដម សុខ សប្បាយណា បានថ្លែងជាថ្មីថា ពាននេះត្រូវបានបង្កើតក្រោមការផ្ដួចផ្ដើមគំនិត របស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យបុគ្គលិក មន្ត្រី និងយុវជនតាមបណ្ដាក្រសួង និងស្ថាប័នទាំងអស់បានចូលរួមលេងកីឡា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព សុខភាព ពិសេសរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា។ ដូច្នេះឯកឧត្ដមបានជំរុញឲ្យមានការប្រកួតប្រជែងប្រកបដោយ Fair-Play និងមានការយោគយល់អធ្យាស្រ័យខ្ពស់បំផុត ដើម្បីបង្ហាញភាពជាគំរូដ៏យុវជនដទៃ។ បន្ថែមលើនេះឯកឧត្ដមក៏បានបញ្ជាក់នូវកត្តា ៥យ៉ាងដែលជំរុញឲ្យការរៀបចំទទួលបានជោគជ័យ និងបន្តរៀបចំដល់រដូវកាលទី៦ នេះផងដែរ ទី១-ការផ្ដួចផ្ដើម និងការជំរុញរបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ទី២-ការគាំទ្របច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ទី៣-ការឧបត្ថម្ភគាំទ្រពីសប្បុរសជន និងក្រុមហ៊ុនឯកជន, ទី៤-ការសហការ និងការប្រកួតប្រកបដោយស្មារតីមិត្តភាព និងយោគយល់របស់ក្រុមនីមួយៗ និងទី៥-គឺអ្នកគាំទ្រ ដែលតែងលើកទឹកចិត្ត ទាំងការប្រកួតជាក់ស្ដែង និងលើបណ្ដាញសង្គម ទើបធ្វើឲ្យព្រឹត្តិការណ៍នេះសម្រេចបាននូវសមិទ្ធផលយ៉ាងល្អប្រសើរ។
គួរបញ្ជាក់ថា ពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័នឆ្នាំ២០១៨ នេះ គឺមាន ៣១ក្រុមចូលរួមដោយបែងចែកជា ៨ពូល ហើយពូលនីមួយៗមាន ៤ក្រុម លើកលែងតែពូល H ដែលមានត្រឹម ៣ក្រុម ខណៈការប្រកួតនឹងធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមនៃពូលនីមួយៗនឹងឡើងវគ្គបន្ត។ ចំពោះលទ្ធផលប្រកួតបើកឆាកក្រុមយុវជនក្រសួងបរិស្ថាន បានយកឈ្នះក្រុមយុវជនទីស្ដីការគណៈរដ្ឋមន្ដ្រី ដោយលទ្ធផល ៣–១។ ដោយឡែកលទ្ធផលការពីឆ្នាំ២០១៧ គឺក្រុមក្រសួងសុខាភិបាលជាអ្នកគ្រងជើងឯក ក្រោយយកឈ្នះក្រុមក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងវគ្គផ្ដាច់ព្រ័ត្រ ៤–០៕
អត្ថបទ៖ លី ឈុនឡា


