ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកង ប្រទេសថៃ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ កំពុងតាមដានយ៉ាងចិត្តទុកដាក់លើករណីគ្រោះថ្នាក់ចរាចរណ៍ប្រជាពលករខ្មែរ ដែលបាត់បង់ជីវិត និងខ្លះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ ។
បើតាម ឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ថា «ស្ថានទូតកំពុងដុតដៃដុតជេីងធ្វេីការជាមួយអាជ្ញាធរថៃ រង់ចាំរបាយការណ៍ជាក់លាក់ និងលម្អិតពីខាងនគរបាលថៃ ក៏ដូចជាមន្ទីរពេទ្យថៃ ដែលជនរងគ្រោះត្រូវបានបញ្ចូនទៅសម្រាកព្យាបាល»។
ឯកឧត្តម បន្តថា ពេលទទួលបានគ្រប់ជ្រុងជ្រោយ ស្ថានទូតនឹងធ្វេីរបាយការណ៍ជូនក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទាក់ទិននឹងករណីនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ មានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ បណ្តាលឱ្យពលករកម្ពុជា ០៨នាក់ស្លាប់ និងអ្នករបួស ០៧នាក់ទៀត៕ ដោយ ៖ ឧត្ដម

