ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជួប ជុំ សំណេះសំណាល និង ទទួលទានអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ៖
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីមុនកម្ពុជាធ្លាប់តែ នាំចូលផលិតផល ជាច្រើន ដើម្បីយកមកប្រើប្រាស់នៅកម្ពុជា ប៉ុន្ដែតាមរយៈសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម នៅ កម្ពុជា បានធ្វើឱ្យកម្ពុជាអាចផលិតសម្ភារប្រើប្រាស់ដែល ជាផលិតផល ក្នុងស្រុកដោយខ្លួនឯង។
- សម្ដេចតេជោ ហ៊ុន សែន៖ លើកទឹកចិត្តឱ្យមានការជួបជុំជាមួយមហាគ្រួសារ សហគ្រាសធុនតូច ធុនមធ្យម និង សិប្បកម្ម នៅកម្ពុជានៅឆ្នាំក្រោយៗទៀត ដើម្បីពិភាក្សា ផ្លាស់ប្ដូរយោបល់ និងស្វែងរកដំណោះស្រាយ នានារួមគ្នា។
- សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាល តែងតែចាត់ទុក សហគ្រាសធុនតូច និងមធ្យម គឺជាដៃគូដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។
- សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានរៀបចំច្បាប់ និង បទបញ្ញត្តិនានា ព្រមទាំងពន្ធគយ ដើម្បីជួយសម្រួលទៅដល់ដំណើរការអាជីវកម្ម នានារបស់សហគ្រាសធុនតូច និងមធ្យ ម។
- សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យសហគ្រិន ក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា បង្កើនសមត្ថភាព ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន ជាមួយគ្នានេះសម្ដេចតេជោ ជំរុញឱ្យក្រសួងស្ថាប័ន ដោះស្រាយនូវបញ្ហាប្រឈមនានា និងកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ចសំដៅជំរុញផលិតភាព នងភាពប្រកួតប្រជែងនៅកម្ពុជា។
- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា វត្តមានរបស់សហគ្រិន នៃសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជានាពេលនេះគឺជាបណ្ដុំធនធាន សេដ្ឋកិច្ចក្រៅ ប្រព័ន្ធ របស់ កម្ពុជា។ សម្ដេចតេជោរម្លឹកថា កន្លងទៅមានទស្សនមួយចំនួនបានលើកឡើងថា ពួកគេតាំង ខ្លួនជាសមាគមនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្ដែពួកគេមិនដឹងទេថា រាជរដ្ឋាភិបាលកំពុងធ្វើអ្វី នោះគឺការផ្ដល់នូវលទ្ធភាពគ្រប់យ៉ាងដើម្បីគាំទ្រដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។
- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្របខណ្ឌជំនួបជាមួយ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃនេះ គឺជាជំនួបរវាងរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះបើនិយាយឱ្យធំទូលាយ។ ដូច្នេះសម្ដេចតេជោបានជំរុញឱ្យ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា យកចិត្តទុកដាក់ជំរុញការកែច្នៃផលិតផលដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ដែលពាក់ព័ន្ធនឹងការកែច្នៃ ចំណីអាហាររបស់កម្ពុជាតែម្ដង។
- សម្តេចតេជោ ហ៊ុន សែន បានជំរុញដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមសហគ្រាសធនតូច និងមធ្យម និងមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាសធនតូច និងធម្យមនៅកម្ពុជា និងដើម្បីវាយតម្លៃសេចក្ដីត្រូវការ អភិវឌ្ឍសមត្ថភាពជំនាញ សហគ្រាសធនតូច និងធម្យម សម្របតាមតម្រូវការជាក់ស្ដែងដែលសហគ្រាសបាននឹងកំពុងជួបប្រទះ។
