ភ្នំពេញ៖ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈតេឡេក្រាមនៅមុននេះបន្តិច បានចេញអនុក្រឹត្យសម្រេចបញ្ចប់មុខតំណែងលោក បែល វ៉ាន់ដែត ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បន្ទាប់ពីបុគ្គលរូបនេះ អាងអំណាចហើយបានយកអាវុធទៅគំរាមកំហែងអ្នកទន់ខ្សោយកាលពីកន្លងទៅនេះ។
បន្ថែមលើអនុក្រឹត្យនោះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើតុលាការមិនចាត់ការតាមផ្លូវច្បាប់ទេទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន។ អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ”។
សម្តេចតេជោ ហ៊ុន សែន ព្រមានថា “នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់សូមកុំអាងអំណាចធ្វើបាបអ្នកទន់ខ្សោយ ជាពិសេសសូមកុំប្រើប្រាស់អាវុធខុសច្បាប់”។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣កន្លងទៅនេះ បុគ្គល បែល វ៉ាន់ដែត បានយកកាំភ្លើងទៅគំរាមកំហែងដល់បុរសម្នាក់បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត រ៉េងរ៉ូវើ ពណ៌ស និងរថយន្ត Ford Ranger ពណ៌ខ្មៅ រហូតធ្វើឲ្យម្ចាស់រថយន្ត រ៉េងរ៉ូវើ ខឹងជិះតាមដល់មុខផ្ទះ និងដកកាំភ្លើងភ្ជង់លើម្ចាស់រថយន្ត Ford Ranger តែម្តង។បន្ទាប់ពីមានហេតុការណ៍កើតឡើងជនរងគ្រោះមានឈ្មោះ ឆៃ វ៉ាន់ម៉ូលីវ័ន្ត ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត បានប្តឹងទៅនគរបាលក្នុងមូលដ្ឋាន ទើបនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន យកមកសួរនាំនៅនគរបាលខណ្ឌ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតអាវុធខ្លី១ដើម ម៉ាកGlook ពណ៌ខ្មៅ គ្រាប់១៣គ្រាប់ គ្មានច្បាប់អនុញ្ញាត , រថយន្តមួយគ្រឿងម៉ាក រ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-0199។ ក្រោយពីចាប់ខ្លួនហើយ ភាគីទាំងពីរបានព្យាយាមសម្របសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ នៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមិនព្រមព្រៀងគ្នា ទើបនគរបាលសម្រេចកសាងសំណុំរឿងមកតុលាការ ដើម្បីចាត់ការតាមមនីតិវិធី។
បើតាមព័ត៌មានក្នុងស្រុកបានចុះផ្សាយថា លោកស្រី អ៊ុក រ៉េតគន្ធា ចៅក្រមស៊ើបសួរក្នុងសំណុំរឿងខាងលើនេះ បានដោះលែងជនសង្ស័យឈ្មោះ បែល វ៉ាន់ដែតដោយគ្រាន់តែដាក់ជនសង្ស័យរូបនេះ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ ក្រោយពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យនេះពីបទ គំរាមសម្លាប់ និងបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៣កន្លងទៅនេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការកុំឲ្យជនល្មើស ឈ្មោះ បែល វ៉ាន់ដែត រួចផុតពីសំណាញ់ច្បាប់ និងនៅក្រៅឃុំមុនកាត់ទោសឲ្យសោះ ដើម្បីកុំឲ្យជនល្មើសដែលមានឈ្មោះខាងលើនេះ តាមគំរាមកំហែងដល់អ្នកដទៃទៀត៕(ដោយ៖ បាន ចក់)





