ស៊ីហ្គេម៖ អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម ២០២៣ ដំណើរការរត់ដង្ហែជាផ្លូវការហើយនៅទីក្រុងពូត្រាចាយ៉ា ប្រមាណ ៣០គីឡូម៉ែត្រពីទីក្រុងកួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមពីឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បេសកជនពិសេស CAMSOC លោកជំទាវ Hannah Yeoh Tseow Suan រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី ឯកឧត្តម អ៊ុក ចាន់តារា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកម៉ាឡេស៊ី អត្តពលិកម៉ាឡេស៊ី និងនិស្សិតកម្ពុជាសិក្សានៅម៉ាឡេស៊ីជាច្រើនរូប។

ឯកឧត្តម ហោ សារុន មានប្រសាសន៍ថា ឆ្នាំ២០២៣ ជាឆ្នាំដ៏វិសេសវិសាលសម្រាប់កម្ពុជា ហើយនៅសល់ជាង ២០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ដែលកម្ពុជារង់ចាំអស់ ៦៤ឆ្នាំក្នុងការធ្វើម្ចាស់ផ្ទះចូលមកដល់។ កម្ពុជាបានផ្តួចផ្តើមរៀបចំព្រះរាជពិធីបួងសួងសុំព្រះអគ្គិកីឡានៅមុខប្រាសាទអង្គរវត្ត និងរៀបចំដង្ហែទៅតាមបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ ព្រះអគ្គិកីឡានេះគឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបន្ថែមទៀតថា កម្ពុជាមិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប៉ុណ្ណោះទេ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ។ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អ សម្រាប់ទេសចរមកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣” គ្រប់ថ្ងៃ សុទ្ធតែអច្ឆរិយៈផងដែរ។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា។ កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍ លើកកម្ពស់កីឡា។

កម្ពុជា "ព្រះរាជាណាចក្រអច្ឆរិយៈ” ទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក។ សូមទទួលបានភាពកក់ក្ដៅក្នុងអំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម។ ឯកឧត្តមបេសកជនពិសេសលើកឡើងដែរថា ការប្រារព្ធពិធីដង្ហែព្រះអគ្គិកីឡាកម្ពុជា ២០២៣ នៅក្នុងប្រទេសម៉ាឡេស៊ី ហើយជឿជាក់យ៉ាងមុតមាំថា កម្ពុជា និងម៉ាឡេស៊ីនឹងបង្កើនសហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យកីឡា និងវិស័យទេសចរណ៍នៅក្នុងតំបន់ និងពិភពលោក។ បន្ទាប់ពីម៉ាឡេស៊ី អគ្គិជ័យកីឡា និងគប់ភ្លើងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ត្រូវធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី និងដំណើរការរត់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ខាងមុខ៕ អត្ថបទ៖ គង់ ហួន



