កោះកុង៖ កងកម្លាំងនគរបាលស្រុកស្រែអំបិល បានត្រៀមរាល់ជាស្រេចហើយនូវការល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ជូនពលរដ្ឋ ក៏ដូចជាអ្នកទេសដែលមកលេងកម្សាន្តក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន នាពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលខាងមុខ។
លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានឲ្យដឹងនៅថ្ងៃទី១១ ខែមេសាឆ្នាំ២០២២នេះថា យោងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ រដ្ឋបាលខេត្តកោះកុង និងស្នងការដ្ឋានខេត្ត លោកបានចាត់ចែងដាក់ផែនការដល់កងកម្លាំងជំនាញតាមផ្នែក និងរដ្ឋបាល ដោយត្រូវធ្វើយ៉ាងណាធានាបានសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរជូនដល់អ្នកទេសចរ និងប្រជាពលរដ្ឋទៅគោលដៅនីមួយៗអស់ហើយ។
បើតាមលោកអធិការស្រុកស្រែអំបិល កម្លាំងដែលបានត្រៀមមានប្រមាណជិត២០០នាក់ ហើយកម្លាំងទាំងអស់នោះពង្រាយតាមតំបន់ទេសចរណ៍កម្សាន្ត វត្តអារាម និងរមណីយដ្ឋាននានា។
លោកវរសេនីយ៍ឯក ហួន នុន ក៏បានដាក់បទបញ្ជាដល់មន្រ្តីនគរបាលដែលនឹងឈរតាមគោលដៅ ចាំបាច់ផ្តោតការយកចិត្តទុកដាក់ចំពោះភារកិច្ច និងទទួលខុសត្រូវខ្ពស់លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានកើតបទល្មើសកើតឡើង ជាពិសេសធានាឱ្យបានក្នុងការការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងទប់ស្កាត់សកម្មភាពបង្កការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនោះ ដើម្បីបង្ការគ្រោះអគ្គីភ័យជាយថាហេតុ អធិការដ្ឋាននគរបាលស្រុកស្រែអំបិល បានត្រៀមរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿង ដោយប្រចាំបញ្ជា២៤ម៉ោង ករណីមានបញ្ហាឆាបឆេះផ្ទះ និងតំបន់រមណីយដ្ឋានទេសចរណ៍។
ចំពោះសុវត្ថិភាពចរាចរណ៍វិញ មន្រ្តីជំនាញ ស្នើឲ្យមានការបង្កើនប្រុងប្រយ័ត្នផងដែរ ប្រសិនស្រវឹងកុំបើកបរ ឬបង្កអំពើហិង្សាដែលធ្វើប៉ះពាល់សន្តិសុខសណ្តាប់អំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ៕





