ព្រះវិហារ៖ នៅរសៀលថ្ងៃទី១០ ខែមេសា ម្សិលមិញនេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខ និងនាំយក អំណោយចែកជូនកងកម្លាំងទាំងបី ក្នុងក្រុងព្រះវិហារ រួមមានកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៣ ។
ក្នុងឱកាសចុះសួរសុខទុក្ខនាពេលនោះ ឯកឧត្តម គីម រិទ្ធី បានពាំនាំនូវផ្តាំផ្ញើរសួរសុខ ទុក្ខ និងក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាលតែងតែបានគិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងការពារទាំង អស់ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណភាពទឹកដី និង រក្សាសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនទាំងមូល ។
ឯកឧត្តមក៏បានថ្លែងកោតសរសើរ នឹងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលកងកម្លាំងទាំងបី សម្រេចបាននាពេលកន្លងមក ក្នុងការចូលរួមយ៉ាងសកម្មក្នុងការការពារនូវសុខ សន្តិភាព ស្ថិរភាពការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពស្របតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ។
ទន្ទឹមនេះ ឯកឧត្តមក៏បានជំរុញបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវភារកិច្ច ស្នូលរបស់ខ្លួន និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដោយបន្តគាំទ្រ ការដឹកនាំរបស់សម្តេចតេជោជាបន្តទៀត ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ខាងមុខនេះ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ក្នុងឱកាសចុះសាកសួរសុខទុក្ខនោះដែរ ឯកឧត្តមក៏បានឧបត្ថម្ភដល់អង្គភាពទាំងបីរួម មាន ក្នុងមួយអង្គភាពៗទទួលបានស្រាបៀកម្ពុជា ៥០កេស ទឹកសុទ្ធអរុណា ៥០កេស ថវិកា៥ លានរៀល និងជូនកងកម្លាំងក្នុងម្នាក់ៗ ៤ម៉ឺនរៀល និងបានជូនពរក្នុងឱកាស ចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរឆ្នាំ២០២៣ ៕










