បាល់ទាត់៖ ក្រុម Inter Milan នឹងត្រូវប្រឈមមុខជាមួយក្រុមម្ចាស់ផ្ទះព័រទុយហ្កាល់ Benfica រាត្រីនេះជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។ លោក Simone Inzaghi កំពុងស្ថិតក្នុងសំពាធក្រោយ Inter Milan លេងមិនឈ្នះសោះ ៦ប្រកួតចុងក្រោយនៅគ្រប់ក្របខណ្ឌមុនជួប Benfica យប់នេះ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះបានរិះគន់ខ្សែប្រយុទ្ធរបស់ខ្លួន Romelu Lukaku ពីការខ្ជះខ្ជាយឱកាសស៊ុតបញ្ចូលទី ឆ្លងកាត់ការបរាជ័យទល់នឹង Fiorentina និងស្មើ Salernitana ធ្វើឱ្យ Inter Milan នៅពេលនេះធ្លាក់មកដល់លេខ៥ នៅ Serie A ខណៈនៅសល់ ៩ប្រកួតទៀតចប់រដូវកាល។ ជុំវិញស្ថានភាពក្រុម Inter Milan នឹងមិនមានវត្តមានខ្សែបម្រើទួកគី Hakan Calhanoglu និងខ្សែការពារ Milan Skriniar ឡើយដោយសាររបួស។ សម្រាប់ Benfica មុនមកដល់ការប្រកួតយប់នេះពួកគេទើបតែចាញ់ Porto ១-២ ក្នុងទឹកដីខ្លួនឯងនៅក្របខណ្ឌលីគកំពូលព័រទុយហ្កាល់។ រំលឹកថា ក្រុមទាំងពីរមានប្រវត្តិជួបគ្នា ៣លើក Inter Milan ឈ្នះ១ ស្មើ២ មិនដែលចាញ់៕
អត្ថបទ៖នាង សុភាវុធ