សៀមរាប៖ Guinness world record ចាប់ផ្តើមពិនិត្យ និងរាប់បេះដូង ខណៈ ឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជានឹងប្រកាសផ្លូវការនៅម៉ោង៤រសៀលនេះ។
ក្រោយការរៀបចំតំរៀបបេះដូងរួចរាល់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ការរាប់ និងត្រួតពិនិត្យបេះដូងបានចូលមកដល់ ដោយមានការចុះពិនិត្យដោយផ្ទាល់ពីមន្ត្រី នៃគណៈកម្មាការកំណត់ត្រាឯតទគ្គកម្មពិភពលោក Guinness world record ។
ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិនៃយុទ្ធនាការ#Beyond the Game បានថ្លែងថា បេះដូងដ៏ច្រើនដែលបានយកមករៀបចំបង្ហាញនៅសួនបេះដូងមុខប្រាសាទអង្គរវត្តនេះ គឺជាបេះដូងក្រដាសដែលបានចូលរួមបត់កន្លងមក ដោយប្រជាពលរដ្ឋខ្មែរ ក្មេងចាស់ ប្រុសស្រី ទូទាំងប្រទេសចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ជាពិសេស ខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាលើកដំបូង។
ឯកឧត្តមបន្តថា សហភាពសហព័ន្ធកម្ពុជា (សសយក) គ្រាន់តែជា ទទួល អ្នកប្រមូលរៀបចំ និងដាក់បង្ហាញទឹកចិត្ត បេះដូងរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មកពីគ្រប់ទិសទី ដើម្បីរៀបចំបំបែកកំណត់ត្រាពិភពលោក ជាបេះដូងច្រើនជាងគេ ដែលកើតចេញពីកម្លាំងសាមគ្គី រួមគ្នារបស់ពលរដ្ឋខ្មែរ។ ហើយបេះដូងមួយមានតម្លៃ៥០០រៀល ដែលមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុនមួយចំនួន ហើយនឹងយកថវិកានេះទៅជួយដល់កីឡាករ កីឡាការិនី មានពិការភាពផងដែរ។
សូមបញ្ជាក់ថា កម្ពុជាគ្រោងបត់បេះដូង បំបែកកំណត់ត្រាពិភពលោក អោយបាន១លានបេះដូង ខណៈបច្ចុប្បន្ន មានការបំបែកកំណត់ត្រាប្រភេទនេះ នៅប្រទេស អង់គ្លេស ដែលមានបេះដូងបត់ និងបានដាក់បង្ហាញចំនួន ៥៣៧០៤ បេះដូង ។
ហើយតាមការអោយដឹងពីក្រុមការងារចូលរួមរាប់បេះដូង ដែលត្រូវបានជ្រើសរើសដោយ Guinness world Record បានអោយដឹងថា គិតមកដល់ពេលនេះ ការរាប់បេះដូងបានលើសពីមួយលានហើយ តែចំនួនប៉ុន្មានអោយជាក់លាក់ និងប្រកាសជាផ្លូវការនៅម៉ោង៤រសៀលនេះ ដោយតំណាងខាង Guinness world record ។ បេះដូងទាំងអស់បានយកមករៀបចំជាសួនបេះដូង នៅមុខប្រាសាទអង្គរវត្ត នៅសងខាងក្តារបែន ដោយខាងជើងក្តារបែនមានរូប «បេះដូង» ដែលផ្គុំពីបេះដូងតូចៗ និងខាងត្បូងក្តារបែនមានរូបដែលចេញអក្សរថា«ខ្មែរ» ផ្គុំពីបេះដូងតូចៗ ហើយបេះដូងផ្សេងទៀតនៅសល់ពីការតំរៀបផ្គុំនេះ បានយកមកចង និងតំរៀបនៅរានហាលមុខអង្គរ ដើម្បីបង្ហាញជូនដល់សាធារណជន ទេសចរជាតិ និងអន្តរជាតិ រហូតដល់ចប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តផងដែរ៕
អត្ថបទ៖ ពៅ រក្សា



















