ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូនេស៊ី បានប្រកាសជាផ្លូវការថា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ នឹងបើកឲ្យមានការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងហ្សាកាតា ផ្តល់ការសម្រួលការធ្វើដំណើរតាមផ្លូវការអាកាស ដល់ទេសចរធុរកិច្ច និងវិនិយោគិន។
ឯកឧត្តម ជា អូន រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងពិធីប្រកាសបើកការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១០ ខែមេសាកន្លងទៅនេះ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរការជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយបើកចំហរជើងមេឃរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម សង្ឃឹមថា ការហោះហើរត្រង់ នឹងមានភ្ញៀវទេសចរច្រើនឡើងបន្ថែមទៀត ជាពិសេសទេសចរឥណ្ឌូនេស៊ី ខណៈដែលបច្ចុប្បន្នមានត្រឹមតែជាង ៥ម៉ឺននាក់ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ បន្ថែមពីនេះ ការហោះហើរត្រង់ នឹងជំរុញឲ្យទំនាក់ទំនងកាន់តែជិតស្និទ្ធលើវិស័យពាណិជ្ជកម្ម វប្បធម៌ និងការផ្លាស់ប្តូរប្រជាជនរវាងប្រទេសទាំងពីរផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ឥណ្ឌូនេស៊ីជាទីផ្សារធំមួយដែរ ហើយ ការហោះហើរត្រង់នេះ គឺជាឱកាសដ៏ធំសម្រាប់កម្ពុជា ក្នុងការទាក់ទាញកំណើនភ្ញៀវទេសចរណ៍ ដែលនឹងអាចជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជាឆាប់ស្តារបានឡើងវិញ ក្រោយពីវិបត្តិសាកលកូវីដ-១៩។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជា ទទួលបានទេសចរណ៍អន្តរជាតិចំនួនជាង ២លាន ២សែននាក់ កើនឡើងប្រមាណជាង ១ពាន់ភាគរយ ក្នុងនោះទេសចរឥណ្ឌូនេស៊ីមានចំនួនជាង ៧,៥ម៉ឺន កើនឡើងជិត៨០០នាក់ ៕អត្ថបទ៖ ឈិត បូរ៉ាវី