កំពង់ស្ពឺ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំយកអាវភ្លៀងជាច្រើន ដែលជាអំណោយរបស់សម្តេចចែកជូននាយនាវី នាយនាវីរង និងពលនាវីចំណុះបញ្ជាការដ្ឋានការពារកោះ-ឆ្នេរ។
ថ្លែងក្នុងពិធីចែកអាវភ្លៀងនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងទំនុកបំរុង ផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ជាពិសេសចែកជូនអាវភ្លៀងដល់កងទ័ពទាំងជើងទឹក និងជើងគោក ជារៀងរាល់រដូវកាល មិនថាដូវភ្លៀងផ្តល់អាវភ្លៀង និងរដូវរងារផ្តល់ជូនអាវរងារ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់ថា ការផ្តល់អំណោយអាវភ្លៀងជូននាយនាវី នាយនាវីរង និងពលនាវី គឺជាការឆ្លើយតបចំពោះមុខជូនកងកម្លាំងទាំងអស់ ដោយសារអំឡុងបំពេញកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារកោះ ឆ្នេរក្នុងរដូវវស្សា ជាភាពចាំបាច់សម្រាប់បង្កលក្ខណៈងាយស្រួលដល់កម្លាំងមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់។
នាឱកាសនោះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានឆ្លៀតពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់ នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងបានលើកពីឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀត របស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនា ដល់ការអភិវឌ្ឍតាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានរំលឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គី ការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាព និងបន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះ-ឈ្នះ របស់មគ្គុទ្ទេស សន្តិភាព សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំមកនូវវឌ្ឍនភាព និងវិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។
នាយឧត្តមសេនីយ៍ ឥត សារ៉ា់ត់ បានថ្លែងអំណរគុណ ដល់កងកម្លាំងទាំងអស់ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងទៅថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការ៕