បន្ទាយមានជ័យ៖ ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់មហាគ្រួសារខ្មែរទូទាំងប្រទេស ជាពិសេសពុកម៉ែ យាយតា បងប្អូន យុវជន យុវតី ដែលរស់នៅតំបន់ពាយ័ព្យប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសចរណ៍អន្តរជាតិ ។
ដោយមុនព្រឹត្តិការណ៍ចូលឆ្នាំឈានមកដល់ គឺនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានរៀបចំពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីចាប់ផ្ដើមប្រារព្ធព្រឹត្តិការណ៍នេះហើយ ។
ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រុមការងារ ដោយបានកិច្ចសហការគាំទ្រពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនខេត្តបន្ទាយមានជ័យ បានរៀបចំរួចរាល់ស្ទើតែ ១០០ភាគរយហើយ ទាំងទីតាំងប្រារព្ធពិធីសាសនា និងទីតាំងកំសាន្តសប្បាយទាំងពេលថ្ងៃ និងពេលរាត្រី នៅជុំវិញបរិវេណប្រាសាទបន្ទាយឆ្មារ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ជាមួយនឹងការរៀបចំតុបតែងលម្អទាំងពេលថ្ងៃ និងពេលយប់ ដែលធ្វើឱ្យបរិវេណរៀបចំព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ មានទិដ្ឋភាពគួរជាទីគយគន់ រួមទាំងតាមដងផ្លូវ នៃភូមិឋានពលរដ្ឋផងនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣នេះ មហាជនជនខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិ នឹងបានចូលរួមក្នុងពិធីសាសនាដ៏ល្អផូរផង់ ទស្សនាការសម្ដែងនានា និងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីនានាទាំងពេលថ្ងៃ និងពេលរាត្រី ។
ក្រុមការងារអភិវឌ្ឍខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្មវិធីទាំងនោះ រួមមានដូចជា ពិធីទទួលទេវត្តាឆ្នាំថ្មី ពិធីបណ្ដែងគោម ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការល្បែងប្រជាប្រិយ៍គ្រប់ទម្រង់ ការសម្ដែងក្បាច់គុណល្បុក្កតោ ការសម្ដែងល្ខោនខោល ការការប្រគំតន្រ្តីស្គរដៃ ការប្រកួតបវរកញ្ញាវ័យចំណាស់ ការរាំកម្សាន្តក្រោមតំណក់ទឹកតំបន់ត្រជាក់ចិត្ត ដោយមានការប្រគំតន្រ្តីសម័យចូលរួមពីតារាល្បីៗ និងការតាំងពិព័រណ៍ផលិតផលមូលដ្ឋាន។ ជួបជុំគ្រួសារ ចូលឆ្នាំបន្ទាយឆ្មារ ក្រោមម្លប់សន្តិភាព ៕អត្ថបទ បាន សុខរិទ្ធិ






