កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃអង្គារនេះថា លោក Kim Jong Un បានអំពាវនាវឲ្យពង្រឹងសមត្ថភាពទប់សង្គ្រាម និងការវាយបកវិញរបស់ប្រទេសនេះកាន់តែមានប្រសិទ្ធភាពខ្លាំង ដើម្បីទប់នូវអ្វីដែលខ្លួនហៅថា ជាសកម្មភាពឈ្លានពានពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
សារព័ត៌មានរដ្ឋខាងលើនិយាយថា លោក Kim បានធ្វើអត្ថាធិប្បាយនៅកិច្ចប្រជុំដ៏ធំមួយនៃគណៈកម្មការយោធាមជ្ឈិម ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី១០មេសា ដើម្បីពិភាក្សាកិច្ចខិតខំប្រឹងប្រែងដែលនៅតែបន្តក្នុងការពង្រឹងការរារាំងសង្គ្រាមរបស់ប្រទេសនេះ ដើម្បីទប់ទល់ទង្វើបង្ករឿងដែលចេះតែរីកធំពីសំណាក់ចក្រពត្តិនិយមអាមេរិក និងជនក្បត់អាយ៉ងកូរ៉េខាងត្បូងក្នុងការប្រឆាំងសង្គ្រាមឈ្លានពាន។
កូរ៉េខាងជើងកំពុងបញ្ចេញប្រតិកម្មយ៉ាងច្រឡោត ចំពោះសមយុទ្ធយោធារបស់សម្ព័ន្ធមិត្តទាំងនេះនាពេលថ្មីៗ ដែលសារព័ត៌មាន KCNA បាននិយាយថា មានចេតនាត្រៀមធ្វើសង្គ្រាមពេញបន្ទុក និងបានបង្ខំទីក្រុងព្យុងយ៉ាងឲ្យស្វែងរកវិធានការទប់ទល់យ៉ាងម៉ឺងម៉ាត់ រួមទាំងជម្រើសយោធា។ សារព័ត៌មានដដែលនេះបានបន្ថែមថា លោក Kim បានបញ្ជាឲ្យពង្រឹងសកម្មភាពទប់ទល់បន្ថែមទៀតដោយបង្កើនល្បឿន និងការត្រៀមទប់ទល់កាន់តែមានប្រសិទ្ធភាពជាងមុន៕
អត្ថបទ៖ សុខមាន