ភ្នំពេញ ៖ គណៈនិកាយព្រះពុទ្ធសាសនាទាំងពីរគណៈ រួមជាមួយក្រសួងធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា ក្រោមប្រធានបទ «សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក» នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នាទីសី្តការក្រសួង។
ដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់បានទទួលនូវព្រះរាជបរមងាជា ព្រះស្រីលោកធម្មិ ករាជ នៅទីក្រុងគូបេ ប្រទេសជប៉ុន កាលពីឆ្នាំ២០១៤កន្លងទៅ ហើយក៏ជាថ្ងៃដែលប្រទេស អ្នកគោរពព្រះពុទ្ធសាសនានៅលើសាកលលោក ទាំង៥១ប្រទេស បានកំណត់យកថ្ងៃទី៨ ខែមេសានេះ ទុកជាភស្តុតាងយ៉ាងប្រត្យក្សមួយ ដើម្បីលើកព្រះរាជសកម្មភាព របស់ព្រះករុណាព្រះមហាក្សត្រ ដែលទ្រង់បានបំពេញចំពោះជាតិ មាតុភូមិ និងព្រះពុទ្ធសាសនាដ៏ល្អផូរផង់។ ក្នុងកម្មវិធីដ៏មានអត្ថន័យនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះរាជតំណាងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងព្រះធម្មមង្គលមុនី ហង្ស សាវី ព្រះរាជតំណាងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឡើងអានព្រះរាជសារដោយសង្កត់ធ្ងន់ថា ការប្រារព្ធទិវានេះ គឺជាការចូលរួមចំណែកនូវការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញ បទពិសោធន៍ បច្ចេកទេស ទេពកោសល្យ វប្បធម៌ ចរិយាធម៌ ក្នុងព្រះពុទ្ធសាសនា ក៏ដូចជាការក្រើនរំលឹកបំផុសស្មារតី និងមនសិការដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវបព្វជិត យុវពុទ្ធសាសនិក ដែលជាទំពាំងស្នងឬស្សី មានកាតព្វកិច្ច ថែរក្សាការពារ ទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យបានគង់វង្ស និងរួមចំណែកដល់ការអភិវឌ្ឍជាតិមាតុភូមិទាំងមូល។
ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានទូលប្រគេនថា ការប្រារព្ធពិធីក្រោមប្រធានបទ«សាមគ្គីភាព ព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក គឺព្រះពុទ្ធសាសនាបានរួមចំណែកក្នុងការ អប់រំមនុស្ស ឱ្យស្រលាញ់សន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងឱ្យចេះស្រលាញ់ រាប់អាន គោរពគ្នាទៅវិញទៅមក ឱ្យមានព្រហ្មវិហារធម៌ និងបណ្តុះនូវសង្គហធម៌ សម្រាប់មនុស្សគ្រប់រូប ជាពិសេសព្រះពុទ្ធសាសនា បានបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីឱ្យមនុស្សជាតិទូទៅ យកទៅអនុវត្តឱ្យក្លាយជាសាកលលោកមួយ ប្រកបដោយសុខសន្តិភាព និងសុខដុមរមនាជានិរន្តរ៍ ដែលជាតម្លៃដ៏ប្រត្យក្សពុំអាចកាត់ថ្លៃបាន។
ចំណែកក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសាខាងលើនេះ ឯកឧត្តម សេង សុមុនី អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានផ្តល់កិច្ចសម្ភាសន៍ជាមួយBTV ព័ត៌មាន
ជាចុងក្រោយឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យតម្លៃដល់សន្តិភាព សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាពគឺជាអ្វីៗដែលស្រស់ស្រាយបំផុត សន្តិភាពផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សជាតិគ្រប់ៗរូប គ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍ គ្មានការគោរពសិទ្ធិមនុស្ស និងគ្មានលទ្ធិប្រជាធិបតេយ្យ។ ក្រសួងធម្មការ និងសាសនា បានណែនាំដល់ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធសាសនិកគ្រប់រូប ក៏ដូចប្រជាពលរដ្ឋទូទៅ សូមព្រះមេត្តា មេត្តាចងចាំថាថ្ងៃ៨មេសា ជាទិវាពុទ្ធសាសនាអន្តរជាតិ និងសូមឱ្យមានការរៀបចំពិធីសាសនា នៅតាមវត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ទីកន្លែងជារៀងរាល់ឆ្នាំ៕ អត្ថបទ៖ រដ្ឋា













