ថៃ៖ ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលរបស់ខ្លួននៅថ្ងៃទី១៤ ខែឧសភា។ សភារបស់ប្រទេសត្រូវបានរំលាយកាលពីខែមុន ជាការត្រួសត្រាយផ្លូវសម្រាប់អ្វីដែលអាចជាការបោះឆ្នោតប្រជែងដ៏តានតឹង រវាងគណបក្សជាគូប្រជែង។

គណបក្សប្រឆាំងធំគឺគណបក្សភឿថៃ ដែលត្រូវបានគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋីលោក ស៊ីណាវ៉ាត់ ត្រូវបានគេរំពឹងថានឹងឡើងប្រជែងជាមួយគណបក្សនានា ដែលស្របទៅតាមការបង្កើតឡើងរបស់ប្រទេសថៃ។ នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា នឹងឈរឈ្មោះក្នុងការបោះឆ្នោតជាមួយគណបក្សរួមសាងជាតិថៃ (United Thai Nation) ហើយឧបនាយករដ្ឋមន្ត្រីលោក Prawit Wongsuwan នឹងដឹកនាំគណបក្ស Palang Pracharath (PPRP)។ គណបក្សធំៗផ្សេងទៀតដែលចូលរួមក្នុងការបោះឆ្នោតនាពេលខាងមុខ រួមមានគណបក្សប្រឆាំងដែលកំពុងរីកចម្រើនគឺគណបក្សអនាគតឆ្ពោះទៅមុខ (The Move Forward Party) ព្រមទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្ស Bhumjaithai។
យោងតាមសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គណបក្សដែលដឹកនាំដោយលោក ប្រាយុទ្ធ បាននិយាយថា គណបក្សនេះនឹងបង្កើតមូលនិធិមួយដើម្បីរក្សាតម្លៃផលិតផលកសិកម្ម ដើម្បីផ្តល់ជំនួយដល់វិស័យនេះ។ កសិករដាំស្រូវនឹងត្រូវផ្តល់ឲ្យនូវការឧបត្ថម្ភធនចំនួន ២ពាន់បាតក្នុងមួយរ៉ៃ ហើយគណបក្សនេះនិយាយថា ខ្លួននឹងដោះស្រាយការទន្ទ្រានលើដីរដ្ឋដោយការបង្កើតផែនទី។ គណបក្សរួមសាងជាតិថៃ (UNITED THAI NATION PARTY) នឹងជួយឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធក្នុងច្រករបៀងសេដ្ឋកិច្ច ដើម្បីបំពេញស្តង់ដារអន្តរជាតិ និងជំរុញសក្ដានុពលសេដ្ឋកិច្ចប្រទេស៕
អត្ថបទ៖ ប៊ុនថន