មីយ៉ាន់ម៉ា ៖ សារព័ត៌មានបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៣០នាក់បានស្លាប់ នៅក្នុងភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បន្ទាប់ពីទាហានបើកការវាយប្រហារលើព្រឹត្តិការណ៍មួយ ដែលត្រូវបានប្រារព្ធដោយក្រុមប្រឆាំងរបបសឹកនេះ។
យោងតាមប្រជាពលរដ្ឋនៅក្នុងតំបន់ Sagaing សារព័ត៌មាន BBC មីយ៉ាន់ម៉ា និងសារព័ត៌មាន Irrawaddy បានរាយការណ៍ថា មនុស្សប្រមាណ៥០នាក់ រួមទាំងជនស៊ីវិល បានស្លាប់នៅក្នុងការវាយប្រហារនេះ។
សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗទេ ចំពោះរបាយការណ៍នានា ហើយអ្នកនាំពាក្យរបបសឹកកំពុងកាន់អំណាចពុំបានលើកទូរស័ព្ទសម្រាប់ការសុំការធ្វើអត្ថាធិប្បាយទេ។
សមាជិកកងកម្លាំងការពារប្រជាជន (PDF) ដែលជាក្រុមប្រដាប់អាវុធប្រឆាំងរបបយោធា បានប្រាប់សារព័ត៌មាន Reuters ថា យន្តហោះចម្បាំងជាច្រើនគ្រឿងបានបាញ់ប្រហារលើពិធីមួយដែលបានប្រារព្ធឡើងដើម្បីបើកការិយាល័យក្នុងតំបន់របស់ពួកគេ។
សមាជិកក្រុមនេះ បាននិយាយថា ចំនួនពិតប្រាកដនៃអ្នកស្លាប់ពុំទាន់បានដឹងនៅឡើយទេ ។ យើងមិនអាចយកសាកសពបាននៅឡើយ៕