
ភ្នំពេញ៖ បន្ទាប់ពី Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត រហូតដល់ជិតបួនលានបេះដូងនោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បត់បេះដូងនេះឡើង គឺចង់បង្ហាញនូវបេះដូងខ្មែររួមសាមគ្គីគ្នា ខណៈការរួបរួមគ្នាធ្វើនេះនឹងចេញជាលទ្ធផលធំធេង។
ថ្លែងប្រាប់អ្នកសារព័ត៌មាននារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ នៅទីដែលតាំងបង្ហាញ សួនបេះដូងនៅជុំវិញប្រាសាទអង្គរវត្តនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថាការបត់បេះដូងរួមគ្នានៅទួទាំងប្រទេសនេះ គឺបានធ្វើឡើង ពីសំណាក់ប្រជាពលរដ្ឋខ្មែរចាប់ពីអាយុបួនឆ្នាំ រហូតដល់៨០ឆ្នាំ ខណៈការបត់ទទួលបានលើសការរំពឹកទុក ពោល គឺរហូតដល់៣៩១៧៨០៥បេះដូងឯណោះ។
សូមបញ្ជាក់ថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះផងដែរ។
តាមរយៈនៃកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលេចផងដែរថា ប្រសិនបើប្រទេសកម្ពុជាពុំមានសុខសន្តិភាពទេនោះ ក៏កម្ពុជាពុំមានថ្ងៃនេះដែរ ជាក់ស្តែងដូចជាថ្ងៃនេះកម្ពុជាយ៉ាងដូច្នេះដែរ គឺ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ហើយនៅប៉ុន្មានថ្ងៃនាពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនូវ ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផងដែរ ដែលកត្តាទាំងនេះហើយគឺកើតចេញពីសន្តិភាព និងការអភិវឌ្ឍនោះ៕ អត្ថបទ៖ បាន ចក់



