ចិន ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានិយាយនៅថ្ងៃអង្គារនេះថា យន្តហោះចម្បាំងនិងនាវាកងទ័ពជើងទឹក ចិន នៅតែស្ថិតនៅលើដែនទឹកជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីហ្គេមសង្គ្រាមរយៈពេល៣ថ្ងៃ ខណៈមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានរិះគន់ទីក្រុងប៉េកាំងពីឥរិយាបថមិនទទួលខុសត្រូវ។ ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធកាលពិថ្ងៃសៅរ៍ បន្ទាប់ពីលោកស្រី Tsai បានវិលត្រលប់មកដល់ទីក្រុងតៃប៉ិវិញ ក្រោយជំនួបជាមួយប្រធាសភាសហរដ្ឋអាមេរិក លោក Kevin McCarthy ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រនីញ៉ា។
ប្រទេសចិន ដែលបានព្រមានសហរដ្ឋអាមេរិក កុំអនុញ្ញាតឲ្យលោកស្រី Tsai ធ្វើទស្សនកិច្ច និងជួបជាមួយលោក McCarthy មិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងឡើយ។ ប៉ុន្តែរដ្ឋាភិបាលកោះតៃវ៉ាន់ បានជំទាស់យ៉ាងខ្លាំងចំពោះការអះអាងសិទ្ធរបស់ប្រទេសចិន។ ទោះបីជាប្រេទេសចិន បាននិយាយកាលពីយប់ថ្ងៃចន្ទថា សមយុទ្ធបានបញ្ចប់ ក្រសួងការពារជាតិកោះតៃវ៉ាន់ និយាយថា ខ្លួនបានប្រទះឃើញ នាវាចិនចំនួន៩គ្រឿង និងយន្តហោះ២៦គ្រឿង រួមមានយន្តហោះចម្បាំង J-16 និង Su-30 កំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ នៅជុំវិញកោះនេះ កាលពីព្រឹកថ្ងៃអង្គារ។
រដ្ឋាភិបាលកោះតៃវ៉ាន់ បានរិះគន់ជាថ្មីម្តងទៀតអំពីសមយុទ្ធនេះ ប៉ុន្តែបាននិយាយថា ខ្លួននឹងមិនធ្វើឲ្យជម្លោះរីកធំ ឬបង្កហេតុឡើយ។
