រុស្ស៊ី ៖ មួយក្នុងចំណោមភ្នំភ្លើងនៅមានសកម្មភាពកម្រើកខ្លាំងបំផុតរបស់រុស្ស៊ី បានផ្ទុះឡើងនៅថ្ងៃអង្គារ (១១ មេសា)នេះ ដោយព្រួសចេញសំណុំផ្សែងផេះដ៏ខ្ពស់ទៅលើអាកាស និងធ្វើឱ្យភូមិឋាននានាពោរពេញទៅដោយផង់ធូលីភ្នំភ្លើងពណ៌ប្រផេះ ដែលបង្កឱ្យមានការព្រមានផ្នែកអាកាសចរណ៍ជុំវិញឧបទ្វីប Kamchatka នៅចុងបូព៌ារបស់រុស្ស៊ី។
ភ្នំភ្លើង Shiveluch បានផ្ទុះឡើងនៅពាក់កណ្តាលអធ្រាត្រឈានដល់ការបញ្ចេញសម្លេងរំខាននៅប្រហែលប្រាំមួយម៉ោងក្រោយមក ដោយបានព្រួសចេញសំណុំផ្សែងផេះនៅពាសពេញលើផ្ទៃដីហំទំ១០៨,០០០ គីឡូម៉ែត្រក្រឡា(៤១,៧០០ ម៉ាយក្រឡា) នេះបើយោងតាមសាខា Kamchatka នៃបណ្ឌិត្យសភាវាស់ស្ទង់រូបសាស្ត្រផែនដីនៃបណ្តុំវិទ្យាសាស្ត្ររុស្ស៊ី។
កម្អែភ្នំភ្លើងបានហូរធ្លាក់ចុះពីភ្នំភ្លើង ធ្វើអោយព្រិលរលាយ និងជំរុញឱ្យមានការព្រមានអំពីលំហូរភក់តាមផ្លូវហាយវេក្បែរនោះ ខណៈដែលភូមិនានាត្រូវបានក្រាលគ្រប់ទៅដោយស្រទាប់ផេះដែលមានជម្រៅរហូតដល់ ៨.៥ សង់ទីម៉ែត្រ (៣.៣ អ៊ីញ) ដែលជាជម្រៅជ្រៅបំផុតក្នុងរយៈពេល ៦០ ឆ្នាំ។
ក្រុមឆ្លើយតបបន្ទុះភ្នំភ្លើង Kamchatka (KVERT) បានចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់អាកាសចរណ៍ដោយនិយាយថា "ការកម្រើកឡើងជាបន្តបន្ទាប់នៃភ្នំភ្លើងនេះ អាចប៉ះពាល់ដល់ ការហោះហើរជាអន្តរជាតិ និងការហោះហើរក្នុងរយៈកម្ពស់ទាប" ។
ប្រធានតំបន់ក្រុង Ust-Kamchatsky លោក Oleg Bondarenko បាននិយាយនៅក្នុងសារបង្ហោះតេឡេក្រាមថា សាលារៀនមួយចំនួននៅក្នុងឧបទ្វីប Kamchatka ចម្ងាយប្រហែល ៦,៨០០ គីឡូម៉ែត្រ (៤,២២៥ ម៉ាយ) ភាគខាងកើតនៃទីក្រុងមូស្គូ ត្រូវបានបិទ ហើយអ្នកស្រុកត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ។
ភ្នំភ្លើងដ៏ធំនិងមានសកម្មភាពកម្រើកខ្លាំងបំផុតមួយរបស់ Kamchatka គឺភ្នំភ្លើង Shiveluch ត្រូវបានគេប៉ាន់ប្រមាណថាមានការផ្ទុះខ្លាំងចំនួន ៦០ លើក ក្នុងរយៈពេល ១០,០០០ ឆ្នាំកន្លងមក ដែលការផ្ទុះដ៏ធំចុងក្រោយបង្អស់ក្នុងឆ្នាំ ២០០៧ ។
ភ្នំភ្លើងនេះមានពីរផ្នែកធំៗ ដែលផ្នែកតូចជាងគេ - Young Shiveluch - ត្រូវបានអ្នកវិទ្យាសាស្ត្របានរាយការណ៍ថាមានសកម្មភាពកម្រើកខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយដែលកំពូលរបស់វាមានកម្ពស់ ២,៨០០ ម៉ែត្រ (៩,១៨៦ ហ្វីត) លាតសន្ធឹងចេញពី ផ្នែកធំ -Old Shiveluch- ដែលមានកំពស់ ៣,២៨៣ ម៉ែត្រ។
អ្នកវិទ្យាសាស្ត្រជាច្រើននាក់ បានបង្ហោះរូបភាពនៃសំណុំផ្សែងផេះដែលបក់បោកយ៉ាងលឿនលើព្រៃឈើ និង ទន្លេភាគខាងកើត ព្រមទាំងភូមិដែលគ្របដណ្តប់ដោយផ្សែងផេះ។ ហើយក៏មានអ្នកវិទ្យាសាស្ត្រមួយរូបបានបង្ហោះរូបភាពនៃជម្រៅផេះធ្លាក់ - គឺមានជម្រៅជ្រៅជាង ៨ សង់ទីម៉ែត្រ។

