ឥណ្ឌា៖ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសឥណ្ឌាបានហក់ឡើងជាង ២១៨,០០០នាក់ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសទី៣ ដែលមានអ្នកស្លាប់ខ្ពស់បំផុតនៅក្នុងពិភពលោក។ រដ្ឋាភិបាលបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ៣៦៨.១៤៧នាក់ និងអ្នកស្លាប់ចំនួន ៣.៤១៧នាក់កាលពីថ្ងៃច័ន្ទ។
ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសឥណ្ឌាមានចំនួន ២១៨.៩៥៩នាក់គិតត្រឹមម៉ោង ១០ព្រឹកម៉ោងនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃច័ន្ទ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក។ ឥលូវនេះប្រទេសឥណ្ឌាបានឡើងហួសប្រទេសម៉ិចស៊ិកក្នុងចំនួនអ្នកស្លាប់ ហើយស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល។ ប្រទេសនេះបាននឹងកំពុងពុះពារ ដើម្បីទទួលបានសមត្ថភាពមន្ទីរពេទ្យគ្រប់គ្រាន់ និងការផ្គត់ផ្គង់អុកស៊ីសែនវេជ្ជសាស្ត្រ ដោយសារតែមានករណីឆ្លងកើនឡើងយ៉ាងឆាប់រហ័ស។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស ២៤នាក់បានស្លាប់ទាំងយប់នៅមន្ទីរពេទ្យមួយក្នុងរដ្ឋ Karnataka នៅភាគខាងត្បូងប្រទេសនេះ ដោយសារការពន្យារពេលនៃការផ្គត់ផ្គង់អុកស៊ីសែន។
បណ្ដាប្រទេសនៅជុំវិញពិភពលោកបានផ្តល់ការគាំទ្រ ស្របពេលមានករណីឆ្លងហក់ឡើង។ ប្រទេសឥណ្ឌាបានទទួលការបញ្ជូនឱសថប្រឆាំងវីរុស Remdesivir មួយវគ្គពីសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ខណៈដែលចក្រភពអង់គ្លេសរំពឹងថា នឹងបញ្ជូនម៉ាស៊ីនជំនួយខ្យល់ដកដង្ហើមបន្ថែមចំនួន ១.០០០គ្រឿងបន្ថែមទៀត។ ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌា ស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម។ រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់អនុវត្តវិធានការគាំទ្រជាបន្តបន្ទាប់ រួមទាំងការដំឡើងម៉ាស៊ីនផលិតអុកស៊ីសែន នៅតាមមណ្ឌលវេជ្ជសាស្ត្រនានានៅទូទាំងប្រទេស៕
អត្ថបទ៖ សុខមាន