មួយថ្ងៃបន្ទាប់ពីប្រទេសចិន បានវាយប្រហារស៊ីបគោលដៅរួមគ្នាប្រដូចការពិតមកលើកោះតៃវ៉ាន់ អំឡុងពេលធ្វើសមយុទ្ធយោធានៅជុំវិញកោះនេះ រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក Joseph Wu បានថ្កោលទោសសកម្មភាពរបស់ទីក្រុងប៉េកាំង នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN ហើយបានព្រមានថា ចិនហាក់ដូចជាកំពុងព្យាយាមត្រៀមខ្លួនចាប់ផ្តើមសង្គ្រាម មកលើកោះតៃវ៉ាន់។

លោក Wu និយាយថា «ក្រឡេកមើលសមយុទ្ធយោធា និងវោហារសាស្ត្ររបស់ចិន ពួកគេហាក់ដូចជាកំពុងព្យាយាមត្រៀមខ្លួនដើម្បីចាប់ផ្តើមសង្រ្គាមមកលើកោះតៃវ៉ាន់»។ រដ្ឋាភិបាលកោះតៃវ៉ាន់ មើលឃើញការគំរាមកំហែងពីយោធាចិនថា ជារឿងមួយដែលពុំអាចទទួលយកបាន ហើយយើងថ្កោលទោសសកម្មភាពនេះ។ នៅពេលត្រូវបានសួរថាតើកោះតៃវ៉ាន់ បានដឹងអំពីការកំណត់ពេលវេលានៃសកម្មភាពយោធារបស់ចិនដ៏មានសក្តានុពលដែរឬទេ តាមរយៈការវាយតម្លៃពីការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានណែនាំយោធារបស់លោកឱ្យត្រៀមខ្លួននៅឆ្នាំ ២០២៧នោះ លោកWu បានបង្ហាញពីទំនុកចិត្តលើការរៀបចំរបស់កោះតៃវ៉ាន់។
លោកនិយាយថា មេដឹកនាំចិននឹងគិតទ្វេដងមុនពេលពួកគេសម្រេចចិត្តប្រើកម្លាំងមកលើកោះតៃវ៉ាន់។ ហើយមិនចំពោះថានៅឆ្នាំ ២០២៥ ឬ ឆ្នាំ២០២៧ ឬលើសពីនេះនោះទេ កោះតៃវ៉ាន់ត្រូវតែត្រៀមខ្លួនជាស្រេច។
សមយុទ្ធនេះ បានហាក់បញ្ជាក់ជាលើកដំបូងដែលថាកងទ័ពជើងទឹកចិនបានវាយប្រហារប្រដូចការពិតដោយយន្តហោះចម្បាំងមានមូលដ្ឋានលើនាវាផ្ទុកយន្តហោះមកលើកោះតៃវ៉ាន់។

ទីក្រុងប៉េកាំងបាចាត់ទុកសមយុទ្ធថាជា ការព្រមានខ្លាំងៗប្រឆាំងការឃុបឃិតរបស់កងកម្លាំងផ្តាច់ខ្លួនកោះតៃវ៉ាន់ជាមួយកងកម្លាំងខាងក្រៅ និងជាចំណាត់ការចាំបាច់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។