បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៣ ផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ទីរួមខេត្តបាត់ដំបង។
សង្រ្កាន្តបាត់ដំបងឆ្នាំនេះ ធ្វើឡើងលក្ខណៈទ្រង់ទ្រាយធំ ប្លែក និងទាក់ទាញជាងឆ្នាំមុនៗ បានផ្ដល់ឱកាសឱ្យមានការជួបជុំ កម្សាន្តសប្បាយរីករាយ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩។
ប្រជាពលរដ្ឋ និងយុវជនជាច្រើនកុះករចូលរួមលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង នាឆ្នាំនេះ ខណៈព្រឹត្តិការណ៍សង្រ្កាន្តកាលពីឆ្នាំ២០១៩ មុនសម័យកូវីដ-១៩ ទទួលបានភ្ញៀវទេសចរប្រមាណ ១លាននាក់។
សង្ក្រាន្តបាត់ដំបងមានរៀបចំកម្មវិធីរាំលេងកម្សាន្ត ចង្វាក់ប្រពៃណៃខ្មែរ តំបន់ត្រជាក់ចិត្ត លេងល្បែងប្រជាប្រិយខ្មែរ ដែលជាកេរតំណែលដ៏ល្អផូរផង់ ទស្សនាការសម្តែងសិល្បៈចម្រុះ ជួបជាមួយតារាល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ថតរូបអនុស្សវរីយ៍ជាមួយទន្សាយយក្ស ពោតយក្ស ម្នាស់យក្ស និងក្រូចយក្ស កម្មវិធីប្រដាល់សេរី និងកម្មវិធីកម្សាន្តប្លែកៗ ទស្សនាលេងកម្សាន្តតំបន់ទាំង ៩ និងទិញទំនិញដ៏សំបូរបែប៕